ភ្នំពេញៈ សាកសពលោកគ្រូបង្រៀនម្នាក់ដេកស្លាប់យ៉ាងអាណោចអាធ័មនៅមាត់ទ្វាររបងសាលាបឋមសិក្សាទួលគោក ដោយបន្សល់ទុកកូនប្រុសស្រីតូចៗចំនួន៥នាក់ និងប្រពន្ធ ឲ្យរងទុក្ខសោកសង្រេង ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦ និង៣០នាទី ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅមាត់ទ្វាររបងសាលាបឋមសិក្សាទួលគោក សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីស្រ្តីឈ្មោះ ប៊ួ ច័ន្ទថន មុខរបបលក់ដូរក្នុងសាលា ស្នាក់នៅក្នុងសាលា ជាប្រពន្ធជនរងគ្រោះ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឆន ណុប ភេទប្រុស អាយុ៥២ឆ្នាំ មុខរបបនាយកស្ដីទី សាលាបឋមសិក្សាទួលគោក(ពៅអ៊ុ) ស្នាក់នៅកន្លែងកើតហេតុខាងលើ ស្រុកកំណើត ភូមិចេក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ប្រភពបន្តថាមុនពេលកើតហេតុតាំងពីម៉ោង១ រំលងអាធ្រាត គឺជនរងគ្រោះបានចេញពីកម្មវីធីជប់លៀងជាមួយមិត្តភ័ក្រ្ត រួចបានតេហៅគាត់ឲ្យបើកទ្វារឲ្យគាត់ចូលក្នុងតែគាត់ (ប្រពន្ធ) ប្រាប់ថាមិនមានសោរទ្វាររបងសាលានោះទេ ដូច្នេះមិនបានចេញមកបើកទ្វារនោះទេ រួចគាត់បានបិទទូរសព្ទដេកវិញជាមួយកូនតូចទៅ។
លុះដល់ព្រឹកនៅពេលដែលសន្តិសុខយាមសាលាបានបើកទ្វាររបងសាលា ក៏ឃើញសពលោកគ្រូដេកស្លាប់ជាប់ជាមួយដំបងឈើមួយនៅក្បែរសពនៅមាត់ទ្វាររបងបាត់ទៅហើយ ក៏ភ្ញាក់ផ្អើលដល់ប្រពន្ធនិងកូនរត់ចេញមកមើល។ ប្រពន្ធបានបន្តទៀតថាជនរងគ្រោះបានបាត់បង់ម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ស្លាកលេខភ្នំពេញ1FP-4752 ទូរសព្ទដៃ និងកាបូបលុយ សង្ស័យតែជាករណីប្លន់ជនរងគ្រោះយកម៉ូតូ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ច័យរួចបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់