ព័ត៌មានជាតិ

ឡានធំហើយបើកលឿនទៀត! រថយន្តកុងតឺន័រ បុកម៉ូតូគុបពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួស!

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីមានរថយន្តកុងតឺន័រមួយគ្រឿង បើកបរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៣ បានរេចង្កូតទៅបុកម៉ូតូម៉ាកគុប ពណ៌ខៀវ មួយគ្រឿង ដែលជិះគ្នា២នាក់មកពីត្បូងទៅជើង បុកចំពីមុខម៉ូតូយ៉ាងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀតរងរបួសបាក់ភ្លៅយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតទ្បើងកាលពីវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្តាយជនរងគ្រោះឈ្មោះ គង់ឡា អាយុ៥០ឆ្នាំ បានបញ្ជាក់ឲ្យដឹងថា កូនរបស់គាត់តែត្រូវរថយន្តបុកស្លាប់នេះមានឈ្មោះ ឆែម ប៊ុនឆៃ អាយុ១៨ឆ្នាំ ស្នាក់នៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ដោយមានឪពុកជាចាស់ជរា ។ ចំណែកបុរសម្នាក់ទៀត រងរបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែង នាំយករថយន្តបង្កនិងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត៕

https://youtu.be/OF2F21EwNqE

https://youtu.be/KeNN8WolarE

មតិយោបល់