ភ្នំពេញៈ បុរសម្នាក់មានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអាធ័ម ខណៈដែលកំពុងតែជិះម៉ូតូមួយគ្រឿងម្នាក់ឯងតាមផ្លូវ ហើយក៏ត្រូវបានរថយន្តដឹកទំនិញធុនធំ១គ្រឿងបើកមកបុកពីក្រោយ និងកិនបណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗតែម្តង។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង ៥និង៥០នាទីល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចរង្វង់មូលគល់ស្ពានព្រែកសំរោង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ងុយ សារ៉ុម អាយុ២២ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DD-3169មួយគ្រឿងជិះតែម្នាក់ឯង លុះមកដល់ចំណុចរង្វង់មូលកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តដឹកទំនិញ១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A-5571មួយគ្រឿងមកបុកពីក្រោយ និងកិនបណ្តាលឲ្យជនរងគ្រោះបែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងកើតយ៉ាងអណោចអាធ័មតែម្តង ចំណែកឯរថយន្តដឹកទំនិញបង្កបានបើកឡើងស្ពានព្រែកសំរោង ព្យាយាមបើករត់គេចរហូតទៅដល់ភូមិសាស្ត្រទឹកដីក្រុងតាខ្មៅទើបកម្លាំងមានសមត្ថកិច្ចតាមចាប់ឃាត់បាន រីឯបុរសអ្នកបើកបរចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សពរបស់បុរសរងគ្រោះត្រូវបានកម្លាំងមានសមត្ថកិច្ចប្រគល់ឲយក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី ចំណែករថយន្តដឹកទំនិញបង្កត្រូវបានបញ្ជូនយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕
មតិយោបល់