ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់! ក្រោយធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួល!!

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ផ្ទះជួលនិងកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បន្ទាប់ពីជនសង្ស័យរូបនោះបានធ្វើសកម្មភាព ឆ្កឹះសោបន្ទប់ជួល ចូលលួចយកលុយ របស់ជនរងគ្រោះម្នាក់ពេលចេញទៅធ្វើការរោងចក្របាត់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងបន្ទប់ជួល អត់មានលេខ ផ្លូវបេតុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ជនរងគ្រោះមានឈ្មោះ សែម សារ៉ន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបប កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ចំណែកជនសង្ស័យមានឈ្មោះ អឿន សុភក្ត្រ ហៅងូក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបប មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដកហូត ដែកលួសមួយសសៃ និងលុយមួយចំនួន។

តាមសម្តី លោក ឯម ភារី នាយរងប៉ុស្តិ៍នគបាលស្ទឹងមានជ័យ បានឲ្យដឹងថា មុននិងឈានទៅដល់ ការឃាត់ខ្លួនជនសង្ស័យ រូបនោះ យកទៅសាកសួរ គឺនៅវេលាម៉ោង៧ព្រឹក បុរសដែល ជាជនរងគ្រោះ បានចាក់សោបន្ទប់ជួល រួចហើយបានចេញទៅធ្វើការបាត់ លុះដល់ វេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទីដដែល ក៏ស្រាប់តែមានបុរសជាជនសង្ស័យម្នាក់ បានទៅធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួល ចូលលួចយកលុយរបស់ជនរងគ្រោះ ខណ:ដែលជនសង្ស័យ កំពុងតែធ្វើសកម្មភាព ក៏មានអ្នកជិតខាងម្នាក់ ដែលស្នាក់នៅបន្ទប់ជួល ក្បែរនោះឃើញហេតុការណ៍ផ្ទាល់ភ្នែក រួចហើយអ្នកជិតខាងរូបនោះបាន រត់ទៅប្រាប់ម្ចាស់ផ្ទះជួល ឈ្មោះ ប៊ុនបូណា ថាមានចោរ លួចគាស់បន្ទប់ជួល លឺដូចនេះម្ចាស់ផ្ទះ បាននាំគ្នាទៅមើល ព្រមទាំងឃាត់ខ្លួនជនសង្ស័យរូបនោះ ហើយភ្លាមនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានធ្វើល្បាតឆ្លងកាត់ទីនោះ ក៏បានទៅឃាត់ជនសង្ស័យរូបនោះ បានភ្លាមៗ រួចហើយបាននាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ។

នៅពេលសមត្ថកិច្ចសាកសួរជនសង្សយ័រូបនោះបានសារភាពថារូបគេ ពិតជាបានធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជួលចូលលួចយកលុយរបស់ជនរងគ្រោះពិតប្រាកដមែន ។

ក្រោយពេលកើតហេតុ នៅវេលាម៉ោង៦ល្ងាច ជនរងគ្រោះបានចេញ ពីធ្វើការ ត្រលប់បន្ទប់ជួលវិញ រួចហើយបានទៅ មើលក្នុងបន្ទប់ជួលរបស់ខ្លួន ឃើញថាបាត់លុយអស់ចំនួន ៣០ម៉ឺនរៀល រួចហើយបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគបាលស្ទឹងមានជ័យ ចំណែកជនសង្ស័យព្រមទាំងវត្ថុតាំងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្តតាមនិតិវិធី៕

//youtu.be/nUopC_vnaVA

មតិយោបល់