ព័ត៌មានជាតិ

លោក គង់ វិមាន ​ជម្រុញ​ឲ្យ​​ស្ថាប័ន​ជំនាញ ​ពិនិត្យ​មន្ត្រី​ខិលខូច​ក្រោម​ឱ​វាទ​ ដើម្បី​បង្ក្រាប​បទល្មើស​ មាន​ប្រសិទ្ធភាព

កំពង់ធំៈ អភិបាលរងខេត្តកំពង់ធំ លោក គង់ វិមាន បានស្នើសុំឲ្យថ្នាក់ដឹកនាំមន្ទីរ, ស្ថាប័នពាក់ព័ន្ធ ពិនិត្យឡើងវិញ ជៀសវាងមន្ត្រី ខិលខូចនៅក្រោមឱវាទ ចូលរួមឃុបឃិត ជាមួយបទល្មើស ជាហេតុ ធ្វើឲ្យការបង្ក្រាបបទល្មើស គ្មានប្រសិទ្ធភាព ។

លោក អភិបាលរង មានប្រសាសន៍បែបនេះ នៅខណៈដែលមានមតិបានលើកឡើង យ៉ាង ផុលផុស ជុំវិញប្រធានបទ ការបង្ក្រាបបទល្មើសព្រៃឈើ និងការថែទាំផ្លូវ, ចិញ្ចើម ផ្លូវ ដែលបង្កឡើង ពីរថយន្តដឹកលើសទម្ងន់ ហើយមតិនេះ បានលើកឡើង នៅក្នុងអង្គប្រជុំ១ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៦ នៅសាលាខេត្ត កំពង់ធំ ក្រោមអធិបតីភាពលោក អភិបាលខេត្ត អ៊ុត សំអន ក្នុងនោះមាន ការចូលរួមពីប្រធានមន្ទីរ, ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរទាំង៨ស្រុក នៅក្នុងខេត្ត កំពង់ធំផងដែរ ។

ការលើកឡើង នៅក្នុងអង្គប្រជុំនេះ បានសង្កត់ធ្ងន់ពីបទល្មើសព្រៃឈើ និងកាប់ទន្ទ្រានដី ព្រៃរបស់រដ្ឋ នៅតែបន្តកើតមាន ទោះជាមានការបង្ក្រាប ជាហូរហែក្ដី ហើយការដឹកបទល្មើស ព្រៃឈើ គឺឈ្មួញប្រើល្បិច គ្រប់រូបភាព ដើម្បីទប់ទល់នឹងការចន្លោះប្រហោង របស់សមត្ថកិច្ចមេព្រៃ ចំណែកផ្លូវ ឬចិញ្ចើម ផ្លូវ ជាពិសេសផ្លូវលំមួយចំនួន ត្រូវរងការខូចខាតភ្លាមៗ ដោយសារតែរថយន្ត ដឹកលើសទម្ងន់ តួយ៉ាង ដូចជារថយន្តដឹកឈើ ឬគ្រឿងចក្រ កង់ច្រវាក់ ដែក បើកបរលើផ្លូវ ម្យ៉ាងទៀតការចាក់ដីលប់ ស្រះ បឹង , ប្រឡាយ ក៏បានធ្វើឲ្យបាត់អាងស្តុកទឹក និងស្ទះចរាចរទឹក បង្កឲ្យហូរជន់ផ្ដាច់ផ្លូវ ផងដែរ ។ ឯសំណង់អនាធិបតេយ្យ នៅលើចិញ្ចើមផ្លូវ បង្កឲ្យមានហានិភ័យ គ្រោះថ្នាក់ចរាចរ និង អគ្គីភ័យ ។

លោក អ៊ុត សំអន បានបូកសរុបវាយតម្លៃខ្ពស់ លើលទ្ធផល និងដាក់ចេញវិធានការ សំខាន់ៗមួយចំនួន សំដៅឲ្យអាជ្ញាធរ,មន្ទីរ និងស្ថាប័នជំនាញ ពាក់ព័ន្ធទាំងអស់ រួមសហការគ្នា ពង្រឹងការគ្រប់គ្រង និងអនុវត្តការងារ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់បទល្មើស ផ្សេងៗឲ្យមានប្រសិទ្ធភាព ។

គួរបញ្ជាក់ផងដែរថា ការកាប់ទន្ទ្រានព្រៃឈើ របស់រដ្ឋ បច្ចុប្បន្នក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំនេះ ភាគច្រើន គឺនៅតំបន់ព្រៃឡង់ ទោះជាមានការផ្លាស់ប្ដូរ សមត្ថកិច្ចរដ្ឋព្រៃឈើ ជំនួយដោយ សមត្ថកិច្ចបរិស្ថានក៏ដោយ ក៏បទល្មើសព្រៃឈើនេះ នៅតែបន្តកើតមាន ដែលប្រជាពលរដ្ឋ និងមតិសាធារណៈ រិះគន់ថា មានការចូលរួម សមគំនិត ពីសមត្ថកិច្ចខាងលើនេះ ៕

កង់មាន (1) កង់មាន (2) កង់មាន (3) កង់មាន (4) កង់មាន (5)

មតិយោបល់