ភ្នំពេញៈ បុរសវ័យ៧៣ឆ្នាំម្នាក់ ដោយសារតែមានជំងឺលើសជាតិស្ករធ្វើទុក្ខបានបើករថយន្តមួយគ្រឿង ម៉ាករ៉េហ្វ បើកបុករះម៉ូតូ ២គ្រឿងបណ្តាលឲ្យមនុស្សចំនួន៣នាក់បានរងរបួសធ្ងន់និងស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីថ្ងៃត្រង់ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខក្រុមហ៊ុនយីហោ ម៉ាស៊ីននើរីអេឃ្លីបមេនលីស៊ីងគ្រុប តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អ្នកបើកបររថយន្តបង្កមានឈ្មោះ អ៊ុ ហឿន ភេទប្រុស អាយុ ៧៣ឆ្នាំ ស្នាក់នៅក្នុងបុរី សុភមង្គល តាមបណ្តោយផ្លូវលេខ៦ ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ចំណែកឯម៉ូតូរងគ្រោះទាំង២គ្រឿង ទី១មានម្ចាស់ឈ្មោះ លី ថៃ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប បានរងរបួសធ្ងន់ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ ចំណែកឯមួយគ្រឿងទៀតជិះឌុបគ្នា២នាក់ ដោយប្តីមានឈ្មោះ ព្រាប ពិសិដ្ឋ អាយុ ៣២ឆ្នាំ មុខរបរប មន្ត្រីយោធា និងប្រពន្ធមានឈ្មោះ រស់ ណារី អាយុ ៣០ឆ្នាំ អ្នកទាំង២នាក់បានរងរបួសស្រាល និងមានទីលំនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនកើតហេតុ គេបានឃើញរថយន្ត មួយគ្រឿង ម៉ាក រ៉េហ្វ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AG-3231 បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលបើកមកដល់ចំណុចមុខបុរី សុភមង្គល ក៏បានបុកពីក្រោយម៉ូតូរងគ្រោះជិះគ្នា ២នាក់ប្តីប្រពន្ធ មួយគ្រឿងម៉ាក ធូដេ ពណ៌ព្រីងទុំ អត់ស្លាកលេខ ក្នុងទិសដៅស្របទិសគ្នាបណ្តាលឲ្យដួលរងរបួសស្រាលទាំង ២នាក់។
ប្រភពបានបន្តទៀតថា បន្ទាប់ពីបុកម៉ូតូរងគ្រោះ ២នាក់ប្តីប្រពន្ធរួចមក ម្ចាស់រថយន្តបង្កបានព្យាយាមបើករត់គេចបានប្រហែលជាង ២០០ម៉ែត្រ ស្រាប់តែរថយន្តបង្កបានបើកបិតត្រឡប់ក្រោយវិញ មកដល់ចំណុចមុខក្រុមហ៊ុនយីហោ ម៉ាស៊ីននើរីអេឃ្លីបមេនលីស៊ីងគ្រុប បានបុកពីក្រោយម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CP-8572 ដែលកំពុងបើកបរពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់។ ក្រោយពេលកើតហេតុ ម្ចាស់រថយន្តបង្កបានព្យាយាមបើករត់គេចពីកន្លែងកើតហេតុ តែត្រូវបានបងប្អូនប្រជាពលរដ្ឋដែលឃើញហេតុការណ៍នោះ បាននាំគ្នាជិះម៉ូតូដេញតាមរថយន្ត និងឃាត់រថយន្តនោះ រួចប្រគល់ឲ្យទៅសមត្ថកិច្ចមូលដ្ឋាន។ ចំណែកឯជនរងគ្រោះ ដែលត្រូវរថយន្តបុកពីក្រោយយ៉ាងពេញទំហឹងនោះ ត្រូវសមត្ថកិច្ចដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជន តុសិត។
បច្ចុប្បន្នរថយន្តបង្ក និងអ្នកបើកបរ រួចទាំងម៉ូតូរងគ្រោះទាំង ២គ្រឿង សមត្ថកិច្ចយកទៅរក្សារទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីរង់ចាំធ្វើការដោះស្រាយជាក្រោយ៕













មតិយោបល់