ព័ត៌មានជាតិ

អាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតដាវ៣ដើម

ភ្នំពេញ: ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ធ្វើការចាប់ខ្លួន ដកហូតបានដាវស៊ាំម៉ូរ៉ៃ ចំនួន៣ដើម រួមនឹងសម្ភារ:សម្រាប់ឆ្កឹះសោមួយចំនួនទៀត។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១និង១០នាទី អាធ្រាត ឈានចូលថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ខាងក្រោយសាលាណតឡាញត៍ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៥នាក់ ដែលកម្លាំងអាវុធហត្ថណ្ឌមានជ័យ ប្រចាំការ នៅសាលាសង្កាត់ស្ទឹងមានជ័យ ចុះល្បាតនៅពេលយប់ឃាត់ខ្លួននោះ ទី១ឈ្មោះ នាង សំណាង ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរ ជាងសំណង់ ភូមិស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ទី២. ឈ្មោះ យូ គឹមថៃ ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិ ទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី៣. ឈ្មោះ តេង គឹមនេត ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅភូមិ ទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី៤. ឈ្មោះ ឯម សាន ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅភូមិ ទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ និងទី៥. ឈ្មោះ កែវ គឹមហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិ ទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងនោះដែរ កម្លាំងធ្វើការដកហូតបានវត្ថុតាងរួមមាន ម៉ូតូ១គ្រឿង,ទូរសព្ទដៃ១គ្រឿង, ដាវ៣ដើម, ដែកឆ្កឹះសោ១ ,ទុនឺវ៉ីស១ , ដែកកេះ១ , នាឡិកា ,លុយចំនួន ៤៧,000រៀល និងដបជក់គ្រឿងញៀនចំនួន១ ផងដែរ។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកមូលដ្ឋាន កងរាជ អាវុធហត្ថ ខណ្ឌមានជ័យ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់