ភ្នំពេញៈ បុរសជាអ្នកបើករថយន្តម្នាក់ បានបើកបត់ឆ្វេងបំណងឆ្លងផ្លូវ ក៏ជ្រុលទៅបុកជាមួយម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យរងការខូចខាតទាំងសងខាង ព្រមទាំងត្រូវជួយចេញថ្លៃជួសជុលទៅឲ្យម្ចាស់ម៉ូតូចំនួន១២០ដុល្លារទាំងព្រឹកតែម្តង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទី ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តម៉ាកVISTO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AM-6463 បើកបរដោយបុរសម្នាក់ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចស្តុបវត្តនាគវ័ន្ត ដែលជាចំណុចកើតហេតុ ក៏បត់ឆ្វេងបំណងឆ្លងផ្លូវទៅទិសខាងជើង តែគ្រាន់តែបត់បានបន្តិចមានម៉ូតូ១គ្រឿងម៉ាកViVa ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1X-6886 ដែលកំពុងបើកតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ជាទិសដៅអទិភាព ក៏ជ្រុលទៅបុកគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង ចំណែកអ្នកបើកម៉ូតូរងរបួសស្រាល។
ក្រោយពីកើតហេតុភាគីទាំងសងខាងជជែកគ្នារកដំណោះស្រាយដោយភាគីខាងរថយន្តសុខចិត្តជួយចេញថ្លៃខូចខាតទៅឲ្យភាគីម៉ូតូចំនួន១២០ដុល្លារ ដើម្បីបញ្ចប់រឿង៕
មតិយោបល់