ព័ត៌មានជាតិ

សុំលុយប្រពន្ធទិញកាតទូរសព្ទមិនបាន បម្រុងដុតផ្ទះចោលហើយនៅប្រើអំពើហិង្សាទៀត ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

កណ្តាលៈ អំពើហិង្សាមួយបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង ខណៈដែលប្តីចិត្តឃោឃៅ ពេលសុំលុយប្រពន្ធទិញកាតទូរសព្ទមិនបានបម្រុងដុតផ្ទះចោល និងប្រើអំពើរហិង្សារត្រុវសមត្ថកិច្ចចាប់ឃាត់ខ្លួនវាយខ្នោះភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧
នៅចំណុចភូមិកណ្តាល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា: ជនរងគ្រោះ ០១ នាក់ឈ្មោះ ឈិន ចាន់ធឿន ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិឃុំកើតហេតុ(មានស្នាមរបួសផ្ទៃមុខហើមប៉ោងលើថ្ពាល់ខាងស្តាំ ឆ្អាលើខ្ទង់ច្រមុះនិងជាំលើកដៃខាងស្តាំ) ជាប្រពន្ធ។ ជនសង្ស័យ ០១ នាក់ ឈ្មោះ រស់ បូ ភេទប្រុស អាយុ ៥៥ ឆ្នាំជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិឃុំកើតហេតុ (ឃាត់ខ្លួន) ជាប្តី។ វត្តុតាងចាប់យក៖ ទូរស័ព្ទម៉ាក Samsung Duos ពណ៌ស ០១គ្រឿង (ខូច)។

នគរបាលបានបញ្ជាក់ថា: កន្លងមកជនសង្ស័យ ធ្លាប់ប្រើអំពើហិង្សាទៅលើប្រពន្ធជាច្រើនលើកមកហើយ ជាក់ស្តែងនៅថ្ងៃទី០៧ ខែកញ្ញា ២០១៧ វេលាម៉ោង៥ល្ងាច ជនសង្ស័យបានផឹកស្រាមានភាពស្រវឹងដើរចូលផ្ទះ ពេលមកដល់សុំលុយពីប្រពន្ធចំនួន ១០០០០រៀល និងកាតទូរសព្ទ ១ដុល្លារ តែប្រពន្ធមិននិយាយរក ហើយកូនស្រីឈ្មោះ បូ ស្រីនាង កំពុងងូតទឹកនៅក្នុងបន្ទប់បានឆ្លើយថា ចាំខ្ញុំងូតទឹករួច ជនសង្ស័យក៏និយាយថា បើមិនឲ្យអញឥឡូវ អញដុតផ្ទះចោល ជនសង្ស័យបានយកដបសាំងចាក់លើសាបក្រោមផ្ទះ រួចយកដែកកេះដុត ពេលនោះប្រពន្ធបានយកទូរសព្ទថត ស្រាប់តែជនសង្ស័យបានស្ទុះទៅយកទូរសព្ទពីប្រពន្ធបោកចោលបណ្តាលឲ្យខូច បន្ទាប់ជនសង្ស័យបានស្ទុះទៅលើវាយប្រពន្ធត្រូវចំមុខជាច្រើនដៃ និងមានការប្រតាយប្រតប់គ្នា ចាប់ប្រពន្ធបោកទៅនិងដីបណ្តាលឲ្យមានរបួសស្នាមនៅកដៃខាងស្តាំនិងលើផ្ទៃមុខ ។

ក្រោយមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍សន្លុងចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់