ព័ត៌មានជាតិ

កម្មករសុីឈ្នួលផ្សារដែកម្នាក់ ដាក់ជើងលើអន្ទាសង្កត់លើខ្សែភ្លើង ឆក់ស្លាប់យ៉ាងអាណោចអាធ័ម

ព្រៃវែងៈ លោកអធិការស្រុកកញ្ជៀច បានប្រាប់Post News ថា មានករណីបុរសម្នាក់ ជាកម្មករស៊ីឈ្នួលផ្សារដែក បានឆក់ខ្សែភ្លើងស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពេលបញ្ជូនដល់មណ្ឌលសុខភាពក្តឿងរាយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៤៥នាទី​រសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះឈ្មោះ យ៉ុន ធារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ក្នុងភូមិសាឡូង ឃុំក្តឿងរាយ ស្រុកកញ្ជៀច ខេត្តព្រៃវែង។

សាកសពជនរងគ្រោះនេះមានឈ្មោះ នូ សីលា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសុីឈ្នួលផ្សារដែក អាស័យដ្ឋានភូមិដូងវាល ឃុំក្តឿងរាយ បានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះដល់មណ្ឌលសុខភាពក្តឿងរាយ ហើយមូលហេតុនៃការស្លាប់នេះ គឺជនរងគ្រោះដាក់ជើងអន្ទាសង្កត់លើខ្សែភ្លើង ហើយឡើងផ្សារទ្វាផ្ទះឈ្មោះយ៉ុន ធារ៉ា ជើងអន្ទាក៏មុតបែកខ្សែភ្លើងឆ្លងចរន្តឆក់ជនរងគ្រោះតែម្តង។

បច្ចុប្បន្នសាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់