មកទល់ពេលនេះ កាន់តែមានការលើកឡើងដោយផ្ទាល់មាត់ផង និងមានទាំងការចុះផ្សាយពីសំណាក់ព័ត៌មានក្នុងស្រុកមួយចំនួនផង ថាតារាសម្ដែងនាង ម៉ាក់សែន សូនីតា ហៅតូតា និងលោក ប៉ុល វិបូ ហៅនីត ដែលជាម្ចាស់ផលិតកម្មអង្គរភិចឈ័រ និងជាអ្នកផលិតរឿង«ចន្ទ្រា»បានក្លាយជាគូស្នេហ៍រួមរស់ក្រោមដំបូល។ តែអ្នកទាំង២ក្រៅពីមិនភ្ញាក់ផ្អើល និងចេញមុខបកស្រាយ គឺថែមទាំងបង្ហាញភាពស្និទ្ធិស្នាលគ្នានៅក្នុងកម្មវិធីជប់លៀងតារាសិល្បៈ ដែលអ្នកទាំង២ទៅណាមកណាជាមួយគ្នានោះផង។
មានការចាប់អារម្មណ៍មិនតិចនោះទេ បន្ទាប់ពីមានដំណឹងសាយភាយថាតារាល្បីឈ្មោះ និងផលិតករសម្បូរទ្រព្យទាំង២មានទំនាក់ទំនងក្នុងនាមជាគូស្នេហ៍។ ការចាប់អារម្មណ៍នេះគឺបន្ទាប់ពីនាងម៉ាក់សែន សូនីតា បានឡើងស៊េរីជិះរថយន្តតម្លៃជិត១០ម៉ឺនដុល្លារ និងត្រូវគេអះអាងថាឧស្សាហ៍ចេញចូលខុនដូររបស់លោកនីតក្រោយពីនាងបានរួមសម្ដែងក្នុងរឿង«ចន្ទ្រា» ដែលជាស្នាដៃរបស់លោក។
អ្នកទាំងត្រូវគេដើរនិយាយតៗគ្នាយ៉ាងផុលផុសថាបានរួមរស់ក្រោមដំបូលតែមួយ ប៉ុន្តែបើក្រឡេកទៅមើលសកម្មភាពរបស់អ្នកទាំង២វិញ គឺហាក់មិនញញើតនឹងព័ត៌មានដែលបានសាយភាយទាំងនោះទេ។ ជាក់ស្ដែងក្នុងពិធីខួបកំណើតរបស់លោកចេង វណ្ណា ថៅកែវីហ្វ្រេន គឺតូតា និងលោកនីតបណ្ដើរគ្នាមកដូចគូស្នេហ៍ ហើយថែមទាំងអង្គុយកៀកកើយគ្នាមិនខ្វល់ពីក្រសែភ្នែករបស់មហាជននោះផង។
យូរៗម្ដងគេឃើញលោកនីត អង្អែលខ្នងកញ្ញាតូតា ហើយកញ្ញាតូតាឯណោះវិញ ក៏បង្កភាពស្និទ្ធិស្នាលជាមួយលោកដោយការកាន់ដៃកាន់ជើងទៅវិញទៅមក។ អ្នកទាំង២ហាក់មិនខ្លាចនឹងការប្រមាញ់ពីក្រុមកាមេរ៉ានោះផង ដោយនៅតែបង្ហាញភាពស្និទ្ធិស្នាលដែលបង្កឲ្យមានការភាន់ជឿជាក់កាន់តែខ្លាំងថាពួកគេទំនងដូចអ្វីដែលបានសាយភាយ។
យ៉ាងណាមិញ កញ្ញាតូតា និងលោកនីត ហាក់មិនចង់និយាយស្ដីអ្វីច្រើនជុំវិញការទម្លាយថាអ្នកទាំងពីរជាគូស្នេហ៍ និងរស់នៅក្រោមដំបូលតែមួយនោះទេ ដោយទំនងជាចង់ឲ្យមានការតាមដាន ឬវិភាគស្វែងយល់ដោយឯងៗ។
តារាសិល្បៈ និងអ្នកជិតស្និទ្ធិអ្នកទាំង២នៅតែហៅអ្នកទាំង២ថាប្ដីប្រពន្ធ ប៉ុន្តែគេមិនដឹងថាអ្វីជាចលករធ្វើឲ្យមានការយល់ឃើញបែបនេះស្ទើរពេញមួយចំហៀងសិល្បៈបែបហ្នឹងនោះទេ ក្នុងពេលដែលមានត្រឹមតែសកម្មភាពស្និទ្ធិស្នាលរបស់អ្នកទាំង២ហើយមិនមានការបកស្រាយបែបនេះ៕
មតិយោបល់