ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាកព្រូសមួយគ្រឿងមិនប្រយ័ត្នបានជ្រុលចង្កូតទៅធ្លាក់ចូល ក្នុងលូបណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្តម៉ាកព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2AU-1171 បើកបរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យមមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតធ្លាក់ចូលក្នុងលូបណ្តាលឲ្យរថយន្តលិចក្បាលទៅក្រោម សំណាងល្អមិនមានគ្រោះថ្នាក់ដល់អ្នកជិតខាងហ្នឹងតៃកុងរថយន្ត។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ពិនិត្យឃើញថាមិនប៉ះពាល់ទៅលើប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិរដ្ឋក៏ឱ្យម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូចទៅជួសជុលដោយខ្លួនឯង៕



មតិយោបល់