ព័ត៌មានជាតិ

រថយន្តកូរ៉េដឹកទំនិញបើកឆ្លងផ្លូវដែក ត្រូវរថភ្លើងបុកបណ្ដាលឲ្យក្រឡាប់ផ្ងារជើងច្រងាង

ភ្នំពេញៈ រថយន្តកូរ៉េមានទ្រុងដឹកទំនិញ១គ្រឿង បានបើកក្នុងល្បឿនលឿន មធ្យមឆ្លងផ្លូវដែកមិនមើលមុខមើលក្រោយ ប៉ុន្តែទើបតែឡើងដល់លើផ្លូវបន្តិចរថភ្លើងក៏បានទៅដល់បុកបណ្ដាលឲ្យខ្ទាតចេញពីផ្លូវដែកក្រឡាប់ទាំងកំរោល ប៉ុន្តែមិនបានបណ្ដាលឲ្យអ្នកបើកបរឬក៏ ព្រូរថយន្តនោះរងរបួសឡើយ ចំណែករថភ្លើងបានបន្តដំណើរទៅមុខបាត់ជាធម្មតា។

ឧប្បត្តិហេតុនោះបានកើតឡើង កាលពីវេលាម៉ោង៥ និង៥នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមផ្លូវបេតុងឆ្លងកាត់ផ្លូវដែកខ្សែភ្នំពេញ កំពត កំពង់សោម ស្ថិតនៅក្នុងភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្ត១គ្រឿងនោះម៉ាកគា ដឹកទំនិញ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2AP-4485 បើកបរដោយ បុរសមិនស្គាល់ឈ្មោះម្នាក់ ហើយមិនដឹងថានៅខណៈនោះ មានព្រូឬអ្នកផ្សេងណាម្នាក់ជិះនៅក្នុងនោះដែរឬអត់ឡើយ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត១គ្រឿងនេះ បានបើកបរធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿនមធ្យមដែរ។ស្របពេលនោះក៏មានរថភ្លើង១ខ្សែ កំពុងបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង (ពីខេត្តកំពត ទៅភ្នំពេញ)ក្នុងល្បឿនលឿនដែរ លុះពេលទៅជិតដល់ត្រង់ចំណុចកើតហេតុ ពេលបានឃើញរថយន្តប្រុងឆ្លងកាត់ផ្លូវដែក ក៏រថភ្លើងបានស៊ីប្លេរជាច្រើនដង ដើម្បីឲ្យរថយន្តឈប់សិនកុំអាលឆ្លងព្រោះខ្លាចមានគ្រោះថ្នាក់ និងជាសញ្ញាប្រាប់ថារថភ្លើងមានផ្លូវ តែមួយមិនអាចឈប់បានឡើយ។

ប្រភពដដែលបានបន្តថា ប៉ុន្តែពេលនោះទោះបីជារថភ្លើងខំចុចចង់រយះស៊ីប្លេរខ្ទេចយ៉ាងណាក៏ដោយ ក៏រថយន្តនេះនៅតែមិនព្រមឈប់ដដែលដោយមិនដឹងថាអ្នកបើកបររថយន្តអត់ឮស៊ីប្លេរឬបែបណានោះទេ ហើយនៅតែបើកឆ្លងដដែលទើបត្រូវបានរថភ្លើងបុកចំបញ្ឆិតក្បាលរថយន្ត បណ្ដាលឲ្យក្រឡាប់តែម្ដង។ ខណៈនោះសំណាងណាស់ដែលគ្មានអ្នករងរបួសឬក៏ស្លាប់ឡើយ រថភ្លើងបញ្ឆិតខុសកាប៊ីនរថយន្តបណ្ដាលឲ្យខ្ទាតចេញ បើបុកចំកាប៊ីនឬចំពាក់កណ្ដាលខ្លួនរថយន្តវិញនោះ និងត្រូវរប៉ើងជា ច្រើនម៉ែត្រឬក៏រថយន្តនោះត្រូវរថភ្លើងរុញទៅមុខជាច្រើនម៉ែត្រនិងមានអ្នកស្លាប់មិនខានឡើយ។

ក្រោយពេលកើតហេតុរថភ្លើងបានបន្តដំណើរទៅមុខចូលភ្នំពេញបាត់ចំណែករថយន្តនោះ ត្រូវបានម្ចាស់ស្ទូចនាំយកទៅធើ្វការជួសជុលឡើងវិញដោយខ្លួនឯង៕

https://youtu.be/Nf8JQcRrxU8

មតិយោបល់