ស្វាយរៀងៈ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១២និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដ៏រន្ធត់ រថយន្ត១គ្រឿងបើកបរក្នុងល្បឿនមួយយ៉ាងលឿន ស្រាប់តែរេចង្កូតបុកតូបអ្នកលក់ដូរមួយកន្លែង និងក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹក បណ្ដាលឲ្យមនុស្ស៥នាក់រងគ្រោះថ្នាក់ ក្នុងនោះរបួសធ្ងន់ស្រាល៤នាក់ និងស្លាប់ក្មេងម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១១១-១១២ ក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កបើកបរក្នុងល្បឿមួយយ៉ាងលឿន ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតបុកតូបអ្នកលក់ដូរមួយកន្លែង រួចជ្រុលល្បឿនទៅមុខបន្តទៀត បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលក្នុងទឹកប្រឡាយ រងការខូចខាត ។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យមនុស្សប្រុស-ស្រីចំនួន៥នាក់រងគ្រោះថ្នាក់ ក្នុងនោះមានមនុស្ស៤នាក់ របួសធ្ងន់-ស្រាល និងក្មេងម្នាក់បានស្លាប់ ។
ជនរងគ្រោះខាងលើ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ ធ្វើកំណត់ហេតុ វាស់វែងយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសពក្មេងរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ៕


មតិយោបល់