ឧត្តរមានជ័យៈ លោកវរសេនីយ៍ទោ ធូ សុភា ប្រធានការិយាល័យចរាចរណ៍ នៃស្នងការនគរបាលខេត្តឧត្តរមានជ័យ បានប្រាប់ Post News ថា មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតូចបុកជាមួយ និងម៉ូតូ ដែលបើកបរក្នុងទិសដៅស្របគ្នាពីលិចទៅកើត បណ្តាលឲ្យស្លាប់បុរសម្នាក់ និងរបួសធ្ងន់៣នាក់ ស្រី១នាក់ របួសស្រាល៥នាក់ ស្រី២នាក់ទៀតផងដែរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទី រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវយុទ្ធសាស្រ្ត ភូមិត្រពាំងទូង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំងនោះមានឈ្មោះ ១ឈ្មោះ ព្រឹម មករា ភេទប្រុស អាយុ១៥ឆ្នាំ អ្នកបើករថយន្ត (ស្លាប់) ២ឈ្មោះ អ៊ុល រដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំ រួមដំណើរ (របួសស្រាល) ៣ឈ្មោះ ទូច វ៉ាន់ទីន ភេទប្រុស អាយុ១៧ឆ្នាំ រួមដំណើរ (របួសស្រាល) ៤ ឈ្មោះ ទូ ទូលាយ ភេទប្រុស អាយុ១៥ឆ្នាំ រួមដំណើរ (របួសធ្ងន់) ៥ឈ្មោះ ប៊ុន សាលី ភេទប្រុស អាយុ១៥ឆ្នាំ រួមដំណើរ (របួសស្រាល) និងទី៦ឈ្មោះ ចាន់ បូរី ភេទប្រុស អាយុ១៧ឆ្នាំ រួមដំណើរ (របួសធ្ងន់)។ អ្នកទាំងអស់រស់នៅភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ចំណែកជនងរងគ្រោះខាងម៉ូតូ ១ឈ្មោះ ពិន យ៉ាមួយ ភេទស្រី អាយុ២៣ឆ្នាំ អ្នកបើកបរម៉ូតូ (របួសធ្ងន់) ៨ឈ្មោះ ចៅ ស្រីដា ភេទស្រី អាយុ១៨ឆ្នាំ (របួសស្រាល) ៩ឈ្មោះ ដឿន ថៃ ភេទស្រី អាយុ២៧ឆ្នាំ រួមដំណើរ (របួសស្រាល) អ្នកទាំងអស់នៅភូមិដូចគ្នាខាងលើ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងបានបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកសាកសពជនរងគ្រោះត្រូវរងចាំសាច់ញាតិមកយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់