ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្ដែងម្នាក់ លេបថ្នាំសម្លាប់ខ្លួនក្រោយសង្សារសុំបែក

ភ្នំពេញៈ តារាសម្ដែងកញ្ញា នៅ ណាវីន ដែលល្បីបង្កាត់ភ្លើងស្នេហ៍យ៉ាងស្អិតរមួតជាមួយលោក ទិត្យា ធិរាជ ជាតារាសម្ដែងដូចគ្នានោះ ថ្មីៗនេះបានឈានដល់ផ្លូវបំបែកហើយ ដោយភាគីខាងស្រីបានសម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួន ប៉ុន្តែមានមិត្តភ័ក្ដិជួយសង្រ្គោះជីវិតទាន់ពេលវេលា។ ហេតុការណ៍លេបថ្នាំសម្លាប់ខ្លួនខាងលើបានកើតឡើងកាលពី៣ថ្ងៃមុននេះ នៅឯទឹកដីខេត្តបាត់ដំបង គ្រាដែលអ្នកទាំង២ទៅថតខ្សែភាពយន្តឲ្យផលិតកម្មមួយ។

កញ្ញា នៅ ណាវីន បានប្រាប់ថា មូលហេតុដែលនាំឲ្យនាងសម្រេចចិត្តធ្វើបែបនេះ ក៏ព្រោះតែខ្លួនខឹងនឹងសង្សារខ្លាំងពេក ត្បិតអីកន្លងមកអ្នកទាំង២ ធ្លាប់បានសន្យាជាមួយគ្នាថា នឹងរៀបការជាមួយគ្នាថែមទៀតផង។ “បងគិតមើល គេសុំខ្ញុំបែក ខ្ញុំខុសអី? យើងសន្យានឹងគ្នាថា រស់នៅជាមួយគ្នា រៀបការជាមួយគ្នា ខ្ញុំដាក់ចិត្តស្រលាញ់គាត់ស្ទើរលេប ដល់ពេលគាត់ធ្វើដាក់ខ្ញុំអីចឹង ខ្ញុំលែងចង់រស់ទៀតហើយ” នៅ ណាវីន លើកឡើងទាំងទឹកភ្នែក។

នាងបន្តថា៖ «ខ្ញុំលេបថ្នាំងងុយដេកអស់ជាង១០គ្រាប់ ធ្វើឲ្យសន្លប់ ហើយពេលដែលដឹងខ្លួន ស្រាប់តែនៅមន្ទីរពេទ្យតែម្ដង»។ បច្ចុប្បន្ន តារាស្រីមានកំណើតមកពីខេត្ត កំពង់ធំម្នាក់នេះ មានសុខភាពដូចដើមវិញហើយ ដោយនាងបានសន្យានឹងខ្លួនឯងថា ឈប់គិតខ្លីបែបនេះទៀតហើយ។ចំពោះរឿងស្នេហាវិញនៅ ណាវីន បញ្ជាក់ថា បណ្ដោយទៅតាមការសម្រេចចិត្តភាគីខាងប្រុសចុះ ព្រោះស្នេហាមិនអាចបង្ខំបានឡើយ ប៉ុន្តែសម្រាប់ចិត្តនាងនៅតែស្រលាញ់ លោក ទិត្យា ធិរាជ ដដែល ទោះបីជាបុរសម្នាក់នេះធ្លាប់ធ្វើបាបចិត្តនាងយ៉ាងណាក៏ដោយ៕

photo_2016-06-02_21-28-15photo_2016-06-02_21-28-18photo_2016-06-02_21-28-21

មតិយោបល់