បន្ទាយមានជ័យៈ ជនជាតិថៃប្រុសស្រីចំនួន៣នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនរួចបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមច្បាប់។
លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនជាតិថៃដែលបានឃាត់ខ្លួនធ្វើឡើងក្រោមកិច្ចសម្របសម្រួលរបស់លោក គឹម ឡាក់ ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តនឹងដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ត្រី បោន បិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ។
លោកបន្តថា មុខសញ្ញាទាំងបី ១-ឈ្មោះ សូរិយ៉ាន់ ប៉ាឆាឡាងគុណ ភេទ ប្រុស អាយុ ៤៨ឆ្នាំ ជនជាតិថៃ ២-ឈ្មោះ វិមុតទិយ៉ា ផាសុខ (ហៅ ហ្វា) ភេទ ស្រី អាយុ ៣៧ឆ្នាំ ជនជាតិថៃ ៣-ឈ្មោះ វ៉ាក់ ឈិឡាក់វិត ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិថៃ។ ហើយក្រោយឃាត់ខ្លួនសមត្ថកិច្ចរឹបអូសបានវត្ថុតាងគ្រឿងញៀនប្រភេទពណ៌សថ្លា(ខេទឹកកក) ចំនួន៣ថង់(២ថង់ធំ និង១ថង់តូច) -គ្រឿងញៀនប្រភេទយ៉ាម៉ាពណ៌ក្រហម ចំនួន២ថង់ ស្មើនឹង ២០គ្រាប់ -ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១ និងដបសម្រាប់ជក់គ្រឿងញៀន ចំនួន១។
លោកមេបញ្ជាការរងបានបញ្ជាក់បន្ថែមថា ជនជាតិថៃប្រុសស្រីទាំង៣នាក់ខាងលើបានចូលមករស់នៅក្នុងក្រុងប៉ោយប៉ែតបានរយៈពេលប្រមាណជាងពីរខែមកហើយ ដោយជួលបន្ទប់គេស្នាក់នៅនឹងចែកចាយ។ ដោយមានការសង្ស័យកម្លាំងជំនាញបានធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់រហូតឈានដល់ធ្វើការឃាត់ខ្លួនបានតែម្តង៕
មតិយោបល់