ព័ត៌មានជាតិ

រថយន្តដឹកមាន់បុកម៉ូតូពេញទំហឹង បណ្តាលបុរសម្នាក់ស្លាប់យ៉ាងរន្ធត់!

កំពង់ចាម: គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតត្រង់ចំណុចភូមិបាកាល ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាក តូពិច ពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ2L-0954 ដឹកមាន់ពេញ ហើយអ្នកបើកបរបានគេចខ្លួនបាត់ ខណ:បើកបរមានទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូ១គ្រឿងម៉ាក សង់កូរ៉េ ពណ៌ខៀវ គ្មានស្លាកលេខ ជិះដោយឈ្មោះ ញឹម សំណាង ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ កំពង់ចាម មានទិសដៅ ឆ្លងថ្នល់ពីត្បូងទៅជើង ដែលបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង នឹងឃាត់យករថយន្តបង្កម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិដ្ឋាននគរបាលស្រុកបាធាយ ដើម្បីរង់ចាំដោះស្រាយតាមនិតីវិធី ចំណែកឯសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់