ព័ត៌មានជាតិ

រថយន្តយីឌុបដឹកជ័រកៅស៊ូធ្វើថ្នល់បើកបត់មិនប្រយ័ត្ន ក៏ទៅប៉ះជាមួយនឹងម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់!

ស្ទឹងត្រែង: មានករណីគ្រោះថា្នកចរាចរណ៍មួយបានកើតឡើងរវាងរថយន្តយីឌុប បុកជាមួយនឹងម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ជើងខាងធ្វេង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ថ្ងែទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវប្រសប់លេខ៧ និងលេខ៩ បំបែកទៅព្រះវិហារ។

អ្នកបើកបររថយន្ត មានឈ្មោះ ម៉ាន់ សុផែ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្ត ដែលមានទីលំនៅ សង្កាត់ច្បារអំពៅ ក្រុងភ្នំពេញ រថយន្តពាក់ស្លាកលេខ3c-8970 ពណ៌ស ដឹកជ័រកៅស៊ូធ្វើថ្នល់១សាទែនធំ បើកបរពីលិចទៅកើត ពេលបម្រុងបត់ទៅត្បូង ក៏បានប៉ះជាមួយម៉ូតូម៉ាកវ៉េវ ពណ៌សលាយខៀវ គ្មានស្លាកលេខបើកបរពីត្បូងទៅជើង មានអ្នករួមដំណើរជាមួយ៣នាក់ អ្នកបើកបរមានឈ្មោះ ផេទ សុភ័ត្តី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងមាស មានទីលំនៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ចំណែកអ្នករួមដំណើរជាមួយត្រូវជាប្រពន្ធ មានឈ្មោះ ស៊ឺន ម៉ាលី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរ និងក្មេងម្នាក់ដែលឱបនៅពីមុខអ្នកបើកបរម៉ូតូ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វេង និងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍ រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីច្បាប់៕

មតិយោបល់