ព័ត៌មានជាតិ

បុគ្គលិកវិទ្យុផ្សាយសម្លេងអ៊ីនជែលម្នាក់ ជិះម៉ូតូលឿនរ៉េចង្កូតទៅបុកគល់ឈើនាង ស្លាប់យ៉ាងអាណោចអាធ័ម!

តាកែវ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ក្រោយពីបុរសម្នាក់ ជិះម៉ូតូទៅបុកគល់ដើមឈើនាង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១យប់ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវខេត្ត ក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

តាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ1E-4959 ជិះដោយឈ្មោះ ផាន់ ផាណែត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកវិទ្យុផ្សាយសម្លេងអ៊ីនជែល ស្នាក់នៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតទៅបុកគល់ឈើ ដើមឈើនាង ដែលស្ថិតនៅលើចិញ្ចើមផ្លូវពីខាងកើត បណ្តាលឲ្យទាំងម៉ូតូ និងជនរងគ្រោះធ្លាក់ទៅក្នុងទឹកប្រឡាយ ហើយម៉ូតូសង្កត់ពីលើ។

ក្រោយពេលកើតហេតុ រហូតដល់ម៉ោង៥ និង៤០នាទី ថ្ងៃខែឆ្នាំដដែល ទើបមានប្រជាពលរដ្ឋ ដើរហាត់ប្រាណ ហើយបានឃើញ ក៏រាយការណ៍មកសមត្ថកិច្ច។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានចុះទៅដល់កន្លែងកើតហេតុ និងបានសហការជាមួយការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីពិនិត្យល់សាកសព ហើយសន្និដ្ឋានបានថា សាកសពពិតជាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកគល់ឈើ ដើមឈើនាង ប្រាកដមែន៕

មតិយោបល់