ព័ត៌មានអន្តរជាតិ

First News៖ កូរ៉េខាងជើង បាញ់មីស៊ីលថ្មីមួយគ្រាប់ទៀត នៅព្រឹកនេះ

កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង នៅព្រឹកថ្ងៃសុក្រនេះ បានបាញ់មីស៊ីលថ្មីមួយគ្រាប់ទៀត ដែលពុំទាន់ស្គាល់អត្តសញ្ញាណ ចេញពីរដ្ឋធានីព្យុងយ៉ាង ឆ្ពោះទៅទិសខាងកើត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

ការិយាល័យយោធារបស់កូរ៉េខាងត្បូង បាននិយាយថា យោធាខ្លួន និងអាមេរិក កំពុងវិភាគលម្អិតអំពីការបាញ់បង្ហោះនេះ ខណៈដែលទូរទស្សន៍ជប៉ុន NHK បានចេញផ្សាយថា មីស៊ីលនេះ បានហោះហើរឆ្លងកាត់ប្រទេសជប៉ុន។

ពាក់ព័ន្ធនឹងបញ្ហានេះ វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានអំពាវនាវឲ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិមួយ ជាបន្ទាន់ផងដែរ។

គួរបញ្ជាក់ដែរថា តេស្តសាកល្បងចុងក្រោយនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍ បានគំរាមប្រើអាវុធនុយក្លេអ៊ែរ បាញ់ពន្លិចប្រទេសជប៉ុន រួមទាំងកាច់បំបាក់ធ្មុងអាមេរិក ជុំវិញការគាំទ្ររបស់ពួកគេ ទៅលើដំណោះស្រាយ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងការសាកល្បង អាវុធនុយក្លេអ៊ែរលើកទី៦ របស់ខ្លួន៕

មតិយោបល់