ព័ត៌មានជាតិ

ឆក់ខ្សែកពីភ្ញៀវជិះកង់បី ត្រូវម្ចាស់កង់បីចាប់ជាប់ប្រគល់ឲ្យសមត្ថកិច្ច!

ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានម្ចាស់ម៉ូតូកង់បីចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូ៣ ស្របពេលដែលកំពុងធ្វើសកម្មភាពឆក់ខ្សែក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទល់មុខលេខ៤២ ផ្លូវ២៣៣ ក្រុមទី១៣ ភូមិ៤ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ឡៃ ស៊ីវវ៉ា ហៅ វ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣០២ ផ្លូវលេខ៦៣ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ ស៊ឹម ណារី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេខ I ២០០ បូរីញ៉ូថោន ផ្លូវលេខ១១៣ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចចាប់យកបាន មានម៉ូតូ១គ្រឿងម៉ាក Suzuki Let’s ពណ៌ស អត់ពាក់ស្លាកលេខ ដែលមានលេខតួ និងលេខម៉ាស៊ីន 410869 (ជាម៉ូតូរបស់ជនសង្ស័យ ជិះធ្វើសកម្មភាព)។
ខ្សែកប្លាទីន១ខ្សែទម្ងន់១តម្លឹងកន្លះ មានបន្តោងដាំត្បូង ពណ៌ស ( ជារបស់ជនរងគ្រោះ ដែលជនសង្ស័យធ្វើសកម្មភាពឆក់) រួចបានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ដោយមានការឯកភាពពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ប្រភពព័ត៌មានដដែលពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះឈ្មោះ ស៊ឹម ណារី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ បានជិះម៉ូតូកង់បីចេញពីផ្សារសាមគ្គី ក្នងគោលបំណងត្រឡប់ទៅផ្ទះវិញនៅម្ដុំពោធិ៍ចិនតុង ពេលជនរងគ្រោះឡើងជិះកង់បីបំរុងជិះចេញ ស្រាប់តែមានជនសង្ស័យឈ្មោះ ឡៃ ស៊ីវវ៉ា ហៅ វ៉ា ភេទប្រុស អាយុ១៩ឆ្នាំ បានជិះម៉ូតូ១គ្រឿងម៉ាក Suzuki Let’s ពណ៌ស អត់ពាក់ស្លាកលេខ បានជិះមកបញ្ច្រាស់ទិសគ្នា និងជនរងគ្រោះ មកខាងឆ្វេងដៃរួចធ្វើសកម្មភាពឆក់ខ្សែរករបស់ជនរងគ្រោះ បណ្ដាលឲ្យដាច់ខ្សែក ពេលនោះជនរងគ្រោះ ក៏បានចាប់ខ្សែកពីដៃជនសង្ស័យជាប់ ភ្លាមនោះក៏មានអ្នករត់ម៉ូតូកង់បីដែលដឹកជនរងគ្រោះបានដេញចាប់ទាញម៉ូតូរបស់ជនសង្ស័យ បណ្ដាលឲ្យដួលម៉ូតូហើយឃាត់ខ្លួនជនសង្ស័យខាងលើប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ផ្សារដេប៉ូទី៣ ចាត់ការតាមផ្លូវច្បាប់តែម្ដង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់