ព័ត៌មានជាតិ

ដកកាំភ្លើងសម្ញែងកាងឡានដឹកទំនិញ ត្រូវប៉េអឹម ចាប់ខ្លួន

ភ្នំពេញៈ បុរសម្នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួន បន្ទាប់ពីបុរសរូបនោះ និងបក្ខពួក២នាក់ទៀត បានមកកាងឡានធំដឹកទំនិញប្រភេទ២តោនកន្លះ ដែលត្រូវបានកម្លាំងប្រជាការពារខណ្ឌឃាត់ ពីបទបើកហួសម៉ោងកំណត់ចូលក្រុង ហើយបែរជាបុរសរូបនោះ និងបក្ខពួកបានមកកាងឡូឡា ព្រមទាំងដកកាំភ្លើងសម្ញែងបង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥៖២០នាទី ល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចមុខប្រេងឥន្ធនៈតេលា ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ព្រំប្រទល់ខណ្ឌឫស្សីកែវ និងខណ្ឌដូនពេញ។

កម្លាំងបញ្ជាការពារខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តតាមសារាចររបស់សាលារាជធានីភ្នំពេញ ដែលបានហាមមិនឲ្យរថយន្តធុនធំ បើកចូលក្នុងក្រុងតាមម៉ោងកំណត់នោះ ដូច្នេះអភិបាលខណ្ឌដូនពេញ បានដាក់បបញ្ជាឲ្យកម្លាំងខណ្ឌដាក់គោលដៅផ្សេងគ្នា ដើម្បីស្ទាក់ឃាត់រថយន្តធុនធំ ដែលបើកចូលក្នុងក្រុងទាំងបំពានយកមកអប់រំណែនាំ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី២ ខែមិថុនានេះ ស្រាប់តែរថយន្តធុនធំ ប្រភេទដឹកទំនិញ ពណ៌ខៀវ ពាក់ស្លាកលខ ភ្នំពេញ ៣A-៩១៩៨ បើកតាមផ្លូវជាតិលេខ៥ ចូលក្រុងក្នុងទិសដៅពីជើងទៅត្បូង ព្រោះរថយន្តនោះ គ្មានប័ណ្ណបើកបរអនុញ្ញាតឲ្យចូលក្រុង ស្រាប់តែពេលនោះ តៃកុងឡានបានទូរស័ព្ទចុះឡើងរកខ្នងមកជួយអន្តរាគមន៍ លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញបុរស៣នាក់ ជិះម៉ូតូមួយគ្រឿង មកកាងរថយន្តនោះ ហើយបានស្រែកឡូឡា ព្យាយាមមិនឲ្យឃាត់រថយន្តយកមកសាលាខណ្ឌដូនពេញនោះទេ មិនតែប៉ុណ្ណោះអ្នកដែលមកកាងទាំងនោះបានដកកាំភ្លើងខ្លីចេញពីចង្កេះសម្ញែងចុះឡើង ធ្វើឲ្យមានការភ្ញាក់ផ្អើល។ ភ្លាមៗ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យកម្លាំងអាវុធហត្ថខណ្ឌ ចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ ព្រមទាំងឃាត់ខ្លួនជនដែលដកកាំភ្លើងរូបនោះ ដោយដកហូតបានកាំភ្លើងខ្លីមួយដើម ចំណែកឯបក្ខពួក២នាក់ទៀត រត់គេចខ្លួនបាត់។

មន្ត្រីអាវុធហត្ថខណ្ឌដូនពេញ បញ្ជាក់ថា កាំភ្លើងដែលដកហូតបាននោះ ជាកាំភ្លើងជ័របាញ់គ្រាប់កង់ ប៉ុន្តែអាចសម្លាប់មនុស្សបានដូចកាំភ្លើងមែនពិតប្រាកដ ព្រមទាំងដកហូតបានថ្នាំញៀ និងរបស់របរប្រើប្រាស់មួយចំនួនទៀតផងដែរ។

មន្ត្រីអាវុធហត្ថ បានបញ្ជាក់ថា ជនសង្ស័យរូបនោះ ឈ្មោះ ឈុំ ពិឆៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបើកបរ ស្នាក់នៅផ្ទះលេខ៩១ ផ្លូវបេតុងស ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ ហើយត្រូវឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

photo_2016-06-03_11-39-24photo_2016-06-03_11-39-28photo_2016-06-03_11-39-31photo_2016-06-03_11-39-34photo_2016-06-03_11-39-36photo_2016-06-03_11-39-48

មតិយោបល់