ព័ត៌មានជាតិ

បញ្ឆេះម៉ាសីុនម៉ូទ័រ លាងម៉ូតូបែរជាឆក់ស្លាប់!!!

កណ្តាល: បុរសម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័មនៅក្រោមម៉ាសីុនម៉ូទរ័ ខណ:ដែលបញ្ឆេះម៉ាសីុនម៉ូទរ័លាងម៉ូតូ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧
នៅចំណុចផ្ទះជនរងគ្រោះភូមិអាចមន៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្ដាល។

បើតាមលោកវរសេនីយ៍ ស កែវពិសេស អធិការក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អូយ ណាង ភេទ ប្រុស អាយុ៥២ឆ្នាំ មានទីលំនៅ ភូមិអាចមន៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរកសិករ។

តាមការសាកសួរបំភ្លឺរបស់កូនស្រីជនរងគ្រោះឈោ្មះ ណាង ចំណាន ភេទស្រី អាយុ១២ឆ្នាំ សិ្ថតនៅភូមិខាងលើបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើជនរងគ្រោះបានបញ្ឆេះម៉ាសីុនម៉ូទ័រលាងម៉ូតូបានមួយភ្លេត ក៏លឺសំឡេងស្រែកមួយវ៉ាស ក្រឡេកមើលឃើញជនរងគ្រោះដួលប្រកាច់ដោយម៉ាសីុនម៉ូទ័រសង្កត់នៅលើជើង ហេីយក៏បានបិទបារ៉ែតកុងទ័របង្គោលភ្លើង ហេីយក៏បាននាំគ្នាទាញជនរងគ្រោះចេញ ធើ្វចលនាបេះដូងនិងយកដីខ្សាច់មកចាក់លើខ្លួនជនរងគ្រោះ ប៉ុន្តែជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះធើ្វការពិនិត្យ។ ការសន្និដ្ឋាន តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញបច្ចេកទេស ក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរដែលពាក់ព័ន្ធ ពិនិត្យឃើញថានៅលើជើងខាងស្តាំជនរងគ្រោះមានស្នាមម៉ូទ័រសង្កត់បណ្តោលឲ្យឆក់ខ្សែភ្លើង(ស្លាប់) ពិតប្រាកដមែន។

ក្រោយពីការពិនិត្យចប់សព្វគ្រប់សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់