ព័ត៌មានជាតិ

សាហាវណាស់!! ករណីឃាតកម្មដោយសារគំនុំ បណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអធ័ម

កណ្ដាលៈ ករណីឃាតកម្មកើតហេតុថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទី នៅចំណុចក្បែរផ្លូវលំខាងជើងភូមិលេខ៥ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ពត ហ៊ង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ ងន សុវណ្ណ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ឃាត់ខ្លួន) ។

ឆ្លងតាម កិច្ចប្រតិបត្តិការ ស្រាវជ្រាវស៊ើបអង្កេត ដោយមានការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល សមត្ថកិច្ចឈានដល់ការកំណត់មុខសញ្ញា ជនដៃដល់ និងប្រតិបត្តិការណ៍ សហការជាមួយសមត្ថកិច្ច ជំនាញ នាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្ត្រ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការបញ្ជាដឹកនាំ របស់លោក ស្នងការនគរបាលខេត្តកណ្ដាល ។ មន្ត្រីជំនាញ ការិ.ព្រហ្មទណ្ឌកម្រិតធ្ងន់ បានការចូលរួមសហការ របស់អធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ និងមន្ត្រីប៉ុស្តិ៍រដ្ឋបាលគគីរធំ បានស្វែងរកនិង ឃាត់ខ្លួនមុខសញ្ញា សង្ស័យជនល្មើស ចំនួនម្នាក់ដូចខាងក្រោម៖

វត្ថុតាងចាប់យក៖
-កាំបិតបុ័ងតោកាប់សាច់ជ្រូក(តូច)ផ្លែដែក ដងឈើប្រវែង ៣២ស.ម ចំនួន០១
-ខោខូវប៊យជើងខ្លីពណ៌ខ្មៅ០១
-មួកកាតិបមានអក្សរHពណ៌ប្រផេះ១
-អាវយឺតដៃខ្លីពណ៌ប្រផេះ ០១
-ម៉ូតូហុងដាសេ១២៥ស៊េរី២០១៧ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1W-5464 មួយគ្រឿង
-ស្បែកជើងស៊កមានក្រវ៉ាត់កែងពណ៌ប្រផេះ០១គូរ ។

សភាពរឿងហេតុ៖ តាមការបំភ្លឺ របស់ប្រពន្ធជនរងគ្រោះ នៅថ្ងៃកើត ហេតុខាងលើ ជនរងគ្រោះបានយកលុយ២៩០.០០០រៀល (ពីររយកៅសិបពាន់រៀល) ប្រាប់ថាទៅទិញអាគុយនៅផ្សារព្រែកថ្មី ស្រុកកៀនស្វាយ មកប្រើប្រាស់ហើយ ក៏បាត់រហូត ដល់ ម៉ោងប្រហែលជា ១១និង៣០នាទីជនរងគ្រោះបានទូរស័ព្ទមកប្រាប់ប្រពន្ធថា៖ ខ្លួនត្រូវគេកាប់ហើយ នៅដេកក្បែរផ្លូវ ខាងជើងភូមិលេខ៥ ភ្លាមៗនោះ ប្រពន្ធជនរងគ្រោះបានជិះម៉ូតូឌុបមកដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះ ដេកខ្លួនប្រឡាក់ សុទ្ធតែឈាម បន្ទាប់មកបានដឹកជនរង គ្រោះទៅមន្ទីរពេទ្យបង្អែក ឃុំគគីរធំ ស្រុកកៀនស្វាយ ពេលទៅដល់ជនរងគ្រោះ បានស្លាប់បាត់ទៅហើយ ។

ផ្អែកតាមលទ្ធផល ការស្រាវជ្រាវ ស៊ើបអង្កេត និងការតស៊ូស្ដាប់ចម្លើយដោយមាន ការសម្របសម្រួល ដឹកនាំនីតិវិធី ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល និងមានការបញ្ជាផ្ទាល់ពី ឯកឧត្តម អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត បានសហការជាមួយ កម្លាំងនគរបាលស្រុកស្អាង និង ស្រុកៀនស្វាយ ព្រមទាំងមានការ
ចូលរួមពីនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ត បានឈានដល់កំណត់មុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យ ក្នុងរយៈ ពេល បីម៉ោងក្រោយកើតហេតុ បន្ទាប់មកបាន តស៊ូស្ដាប់ចម្លើយដោយប្រើរយៈពេល ៤២ម៉ោងបន្ថែមទៀត ទើបជនសង្ស័យបានសារភាព ពីសកម្មភាពដូចខាងក្រោម៖

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ក្រោយពីជនសង្ស័យ ឈ្មោះ ងន សុវណ្ណ មកពីលក់សាច់ជ្រូកតាមភូមិម៉ោង ៩និង០០នាទី ដូចសព្វដងគឺបានរៀបចំឥវ៉ាន់ទុកដាក់ ស្រាប់តែមានឈ្មោះ សុង លី ទូរសព្ទ័មកកម្មង់ជ្រូកខ្វៃ មួយចំនួន ដោយណាត់ជួបគ្នារឿងតម្លៃនៅរោងកាហ្វេម្ដុំផ្សារគគីរធំ ពេលនោះជនសង្ស័យក៏បានឡើងទៅជួបគ្នានៅ ម៉ោងប្រហែល១០និង៣០នាទីព្រឹក ថ្ងៃដដែលគឺជួបតែ១០នាទីត្រឡប់មកផ្ទះវិញ នៅចុងព្រែកថ្មី ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ពេលមកដល់ផ្ទះក៏ប្រពន្ធប្រើឲ្យទៅដូរហ្គាស ជនសង្ស័យបានយកធុងហ្គាសរួចជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ តែម្នាក់ឯងឡើងមកផ្លូវជាតិលេខ១ ម្ដុំការ៉ាស់
សាំងក្នុងឃុំគគីរធំ រួចជិះត្រឡប់មកផ្ទះវិញពេលមកដល់ពាក់កណ្ដាលផ្លូវវេលាម៉ោងប្រហែល ១០និង៥០នាទីក៏បានជួបជនរងគ្រោះឈ្មោះ ពត ហ៊ង ជិះម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ តែម្នាក់ឯងមានដាក់កន្រ្តកជ័រពណ៌ក្រហម ក៏បានស៊ីផ្លេដាក់រួចជិះវ៉ា ដោយ មានការឌឺដងពាក្យសម្ដីដាក់គ្នា និងដោយធ្លាប់មានទំនាស់ពីមុនមកផងជាហេតុ បណ្ដាលឲ្យជនសង្ស័យមានការខឹង សម្បារក៏ជិះចូលផ្ទះ ទុកធុងហ្គាសចុះ រួចទាញកាំបិតកាប់សាច់ជ្រូកផ្លែដែកដងឈើ ប្រវែង ៣២សង់ទីម៉ែត្រ សៀតនៅ
ចង្អើរម៉ូតូតែម្នាក់ឯងជិះដេញតាមជនរងគ្រោះពីក្រោយមកទាន់ម្ដុំហួសភូមិទំនប់ទទឹង ប្រហែល៥០ម៉ែត្រក៏ជិះវ៉ាទៅហួសប្រហែល១គីឡូម៉ែត្រម្ដុំព្រៃត្រែងស្ងាត់ បានឈប់ចាំ គ្រាន់តែវាយជន្ទល់ម៉ូតូឈប់បានប្រហែលជិត១នាទី ជន រងគ្រោះមកដល់ ជនសង្ស័យបានទាញយកកាំបិតពី លើចង្អើរម៉ូតូ ដោយកាន់ដៃពីរ កាប់ទៅលើជនរងគ្រោះត្រូវមួយកាំបិតចំដើមដោះខាងឆ្វេងបណ្ដាលឲ្យដួលម៉ូតូចម្ងាយប្រហែលប្រាំម៉ែត្រ ក៏រត់ទៅកាំបន្ថែមចំក្បាលពីក្រោយ និង ត្រង់បោះដៃផុតខាងស្ដាំពីក្រោយមួយកាំបិតទៀត រួចបន្តកាប់ទៀតតែជនរងគ្រោះលើកដៃរងបណ្ដាលឲ្យដាច់រយៈ និងបាក់កំភួនដៃខាងឆ្វេង ពេលនោះជនរងគ្រោះប្រឹងងើបរត់ទៅមុខទៀត រីឯជនសង្ស័យមិនបានដេញតាមទេ បានរើស ស្បែកជើងពាក់រួចជិះម៉ូតូត្រឡប់មកផ្ទះវិញ ។

បន្ទាប់ពីសាកសួររួចមក ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកនៅប៉ុស្តិ៍គគីរធំ រួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ និងបន្តនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី ។

ការសន្និដ្ឋាន៖ ករណីឃាតកម្ម នេះផ្ដើមឡើងដោយសារ មានទំនាស់គំនុំ ជាមួយជនរងគ្រោះ តាំងពីធ្វើការងារ ជាកម្មករ នៅប្រទេសថៃជាមួយគ្នា និង ជាបន្តបន្ទាប់ បានវិលត្រឡប់មករស់នៅ ក្នុងស្រុកវិញធ្លាប់មានទំនាស់ជាមួយគ្នាទៀត៕


មតិយោបល់