ព័ត៌មានជាតិ

ឃាត់ខ្លួនរហ័ស្សនាម«អាខ្មៅ» ដកហូតថ្នាំញៀនជិត២០កញ្ចប់!

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ សហការជាមួយកម្លាំងផ្នែកអន្តរាគមន៍នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតការពារសុវត្ថិភាពដើម្បីទប់ស្កាត់បទល្មើសជូនប្រជាពលរដ្ឋ ក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនក្រាមពណ៌សថ្លាប្រភេទម៉ាទឹកកកចំនួន១៧កញ្ចប់តូច ។

ឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសម្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ណុប ត្រា ហៅអាខ្មៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជួយដូរគ្រឿងញៀន ស្នាក់នៅថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ សហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតក្នុងតំបន់ស្មុគស្មាញជាពិសេសកន្លែងកើតហេតុលើ ក៏ប្រទះឃើញជនសង្ស័យ៥នាក់កំពុងអង្គុយលើគ្រែ ដោយកម្លាំងមានការសង្ស័យក៏បានឈប់សួរនាំ ភ្លាមនោះជនសង្ស័យចំនួន៤នាក់បានរត់គេចខ្លួនបាត់អស់នៅសល់តែជនសង្ស័យម្នាក់ឈ្មោះ ណុប ត្រា ហៅអាខ្មៅ បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងបានឆែកឆេររកឃើញថ្នាំញៀនក្រាមពណ៌សថ្លាចំនួន១៧កញ្ចប់នៅក្រោមគ្រែ ដែលជនសង្ស័យអង្គុយ ទើបកម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើមកសួរនាំនៅប៉ុស្តិ៍តែម្តងក្រោយពីសួរនាំ ជនសង្ស័យបានសារភាពថាគ្រឿងញៀននេះខ្លួនរក្សាទុកលក់ចែកចាយបន្ត។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅឲ្យនគរបាលជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឋពោធិ៍សែនជ័យដើម្បីរង់ចាំដោះស្រាយតាមនិតិវិធីច្បាប់៕

មតិយោបល់