ភ្នំពេញៈ យុវជនឈាមរាវម្នាក់ បានប្រើអំពើហិង្សាវាយតប់ទៅលើកម្លាំងសមត្ថកិច្ច បណ្តាលឲ្យរបួស ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈដែលសមត្ថកិច្ចបានហៅដែលកំពុងដើរឲ្យឈប់ដើម្បីត្រួតពិនិត្យ។
ហេតុការណ៍បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ នៅក្នុងសង្កាត់
គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ដួង វណ្ណៈ នាយប៉ុស្តិ៍នគរបាលសង្កាត់គោកឃ្លាង បានឲ្យបញ្ជាក់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡាច សុភស្ស អាយុ២៦ឆ្នាំ ស្នាក់នៅក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ឃាត់ខ្លួនពីបទប្រើអំពើហិង្សាវាយទៅលើកងកម្លាំងសមត្ថកិច្ច បណ្តាលឲ្យមានរបួស ខណៈដែលគាត់កំពុងតែធ្វើដំណើរតាមផ្លូវថ្មើរជើង ហើយដោយមានការសង្ស័យសមត្ថកិច្ចក៏បានហៅឲ្យឈប់ដើម្បីត្រូតពិនិត្យ។
ចំណែកលោក ដេត ឧត្តម មន្ត្រីនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ឲ្យដឹងដែលថា គាត់ត្រូវបានជនសង្ស័យខាងលើវាយចំមុខនិងគប់ដោយដំបងឈើជ្រុង ខណៈដែលលោកកំពុងតែយាមល្បាតក្នុងមូលដ្ឋានបានប្រទះឃើញជននេះគួរអោយសង្ស័យថា ជាជនមិនល្អដើររំលងអធ្រាត្រដូច្នេះ និងឃាត់គាត់ដើម្បីធ្វើការត្រួតពិនិត្យក្រែងមានរក្សាទុកនូវវត្ថុល្មើសច្បាប់ផ្សេងៗ។ ភ្លាមនោះគាត់និងមិត្តរួមការងារបានចាត់ការឃាត់ខ្លួនជននេះតែម្តងយកទៅប្រគល់អោយមន្ត្រីជំនាញសួរនាំចាត់ការតាមច្បាប់និងកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់ការបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់