កំពតៈ លោកអធិការរងស្រុកកំពង់ត្រាច ទទួលបន្ទុកផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត នឹងម៉ូតូ បណ្តាលឲ្យស្លាប់ក្មេងស្រីយ៉ាងរន្ធត់។
ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី៥ ខែ តុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិ៣៣ ក្នុងភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ខេត្តកំពត។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត1K- 4437 ជិះដោយឈ្មោះ ទឹម ធឿន ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិដំណាក់កន្ទួត ឃុំដំណាក់(កន្ទួតខាងត្បូង) រងរបួសក្បាលផ្នែកខាងមុខធ្ងន់ នឹងអ្នករួមដំណើរ២នាក់ខាងក្រោយ ទី១ឈ្មោះ ញើង គីម ភេទស្រី អាយុ៥០ឆ្នាំ ស្នាក់នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច (រងរបួសធ្ងន់) និងទី២ឈ្មោះ ស៊ីវ លី ភេទស្រី អាយុ៣ឆ្នាំ(ស្លាប់) នៅភូមិកើតហេតុខាងលើ។ ក៏ត្រូវរថយន្តម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2S-6370 អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បានបុករុញម៉ូតូពីក្រោយ បណ្តាលដួលរងរបួសធ្ងន់២នាក់នឹងស្លាប់ម្នាក់តែម្តង។
ក្រោយពេលកើតហេតុ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ រីឯម៉ូតូនឹងរថយន្តបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ ចំណែកសាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់