ព័ត៌មានជាតិ

Update៖ ផ្សារដែក ខ្ទាតផ្កាភ្លើងផ្ទះឆេះជាន់ទី១របស់ក្រុមហ៊ុនJBL ផ្អើលយ៉ាងខ្លាំងនៅបឹងកេងកង

ភ្នំពេញ: អគ្គិភ័យមួយបានកើតឡើងនៅជាន់ទី១ ស្នាក់ការរបស់ក្រុមហ៊ុន JBL បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋ និង កម្លាំងមានសមត្ថកិច្ចមូលដ្ឋានជាច្រើននាក់ រួមទាំងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកធ្វើអន្តរាគមន៍បាញ់ពន្លត់ផងដែរ ខណ:ដែលក្រុមជាងដែកមួយក្រុមឡើងទៅធ្វើការផ្សារដែកនៅក្នុងបន្ទប់តេស្តសំឡេងមួយនោះ។

ករណីអគ្គិភ័យនេះដែរបានកើតឡើងកាលពីវេលាម៉ោង ៣រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៧ នៅបន្ទប់ជាន់ទី១ ផ្ទះលេខ២៤A ផ្លូវលេខ ២៧៨ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានម្នាក់បានឲ្យដឹងថា មុនពេលកើតហេតុគឺខាងក្រុមហ៊ុន JBL បានឲ្យជាងដែកមួយក្រុមឡើងទៅធ្វើបន្ទប់តេស្តសំឡេងនៅជាន់ទី១ របស់ខ្លួន ទំនងជាមិនមានការប្រុងប្រយ័ត្ននោះ ក៏បណ្តាលឲ្យខ្ទាតផ្កាភ្លើងធ្លាក់ទៅលើសាឡុង បង្កឲ្យមានអណ្តាតភ្លើងឆាបឆេះកើតឡើងតែម្តង។

ភ្លាមនោះ ក្រុមបុគ្គលិកដែលបម្រើការនៅក្នុងក្រុមហ៊ុន ក៏ដូចជាក្រុមជាងទាំងនោះ ក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ និងទឹកទៅធ្វើការបាញ់ពន្លត់ដែលតែភ្លើងមិនរលត់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់កម្លាំងមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់ និងហៅរថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿងរបស់ស្នងការនគរបាលរាជធានីភ្នំពេញមកជួយបាញ់ពន្លត់ទៅបានដោយបាន ឆេះបំផ្លាញអស់ពូក សាឡុង និងសម្ភារ:ប្រើប្រាស់អស់មួយចំនួន និងបង្កឲ្យបុគ្គលិកប្រុសម្នាក់រងរបួសដោយថប់ដង្ហើមផងដែរ ដោយមានរថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿងចុះមកធ្វើអន្តរាគមន៍និងបានប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន ៣រថយន្ត និងមិនឲ្យឆេះរាលដាលតទៅទៀតបានទាន់ពេលវេលា៕

មតិយោបល់