ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជូនជនសង្ស័យ ២នាក់ រួមនឹងគ្រឿងញៀនជិត ១គីឡូកន្លះ និងសារធាតុផ្សំជាង ២គីឡូក្រាម ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
ប្រភពពីមន្រ្តីនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ប្រតិបត្តិការធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ក្រោយទទួលបទបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ប្រធានមន្ទីរ ព្រមទាំងមានការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ប្រភពដដែលបានឲ្យដឹងទៀតថា ប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចបន្ទប់ជួល ផ្លូវបើកថ្មី ក្បែរកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យទី១.ឈ្មោះ គី ម៉េងហ័រ (KEE BENG HWA) ភេទប្រុស ជនជាតិសិង្ហបូរី កើតថ្ងៃទី 07/11/1949 មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ E6878015J និងទី២.ឈ្មោះ ខៀវ ស្រីទូច ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងជំនាញបានចាប់យកសារធាតុញៀនគ្រប់ប្រភេទទម្ងន់ប្រមាណ ១.៤៩៣,៧៣ក្រាម រួមមាន ៖ ម៉េតំហ្វេតាមីន (ICE) ទម្ងន់ ២១៧,៧៧ក្រាម, កេតាមីន ទម្ងន់ ២៧,៧៧ក្រាម, អ៊ិចស្តាស៊ី ទម្ងន់ ១.១៧៧,២៧ក្រាម, នីមេតាហ្សេប៉ាម ទម្ងន់ ៧០,៩២ក្រាម រួមនឹងសារធាតុគីមីផ្សំ ទម្ងន់ ២.០៩០,៨៦ក្រាម, កញ្ឆាក្រៀម ១៥៩,០៨ក្រាម និងឧបករណ៍កែឆ្នៃ ១ឈុត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់