កំពង់ឆ្នាំងៈ លោកអធិការក្រុងកំពង់ឆ្នាំង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនឹងម៉ូតូដំណើរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យបុរសចំណាស់ម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រ៨៩-៩០ ចំណុចផ្លូវបំបែកផ្ទះ ជួន ជឿន ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង បើកបរដោយឈ្មោះ អ៊ា លាត ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិស្នំប្រាំពីរ ឃុំទឹកឈូ ខេត្តកំពត ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងជិះដោយឈ្មោះ ង៉ែត ឡុង ភេទប្រុស
អាយុ៦០ឆ្នាំ ស្នាក់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បើកបរឆ្លងផ្លូវពីកើតទៅលិច ដោយខ្វះការប្រុងប្រយ័ត្នក៏ត្រូវរថយន្តបុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយពីបានបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តជនរងគ្រោះបានស្លាប់។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចាត់ការតាមនិតិវិធីច្បាប់។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់