យោងតាមការបង្ហោះនៅលើផេកហ្វេសប៊ុក «ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ» នៅថ្ងៃទី១០ ឧសភា ២០២១ គឺបានបង្ហាញពីរូបរាងបណ្តើរៗនៃផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជាមួយនេះ ពោលគឺផ្លូវត្រូវបានចាប់ផ្តើមក្រាលបេតុងហើយ។
បើតាមមន្រ្តីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីដើមខែមីនា ឱ្យដឹងថា ការដ្ឋានសាងសង់ផ្លូវល្បឿនលឿននេះ សម្រេចបានជាង ៣៦% ដោយក្រុមការងារនឹងបញ្ចប់ការសាងសង់តាមការគ្រោងទុក។
ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ដោយតភ្ជាប់ពីភូមិទី១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិទី១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ពោលគឺឆ្លងកាត់រាជធានីភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្តកណ្តាល (ប្រវែង ៩,១០គ.ម) ខេត្តកំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្តកោះកុង (ប្រវែង ១,៩២គ.ម) និងខេត្តព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម)។
ផ្លូវនេះមានទទឹងតួសរុប ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ហើយគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុងមួយម៉ោង។
មតិយោបល់