ព័ត៌មានជាតិ

ខ្វះការប្រុងប្រយ័ត្ន! បុរសម្នាក់ទាញដែកទៅគងលើខ្សែភ្លើងស្រាតឆក់រងរបួសរបកស្បែកមួយកំណាត់ខ្លួន

ភ្នំពេញ: ដោយខ្វះការប្រុងប្រយ័ត្នបុរសម្នាក់បានទាញដែកដៃរណែងទៅគងលើខ្សែភ្លើងស្រាតបណ្តាលឲ្យឆក់ឆេះខោនិងរបកស្បែកមួយកំណាត់ខ្លួន។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅលើផ្ទះកំពុងសាងសង់មួយកន្លែង ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសរងគ្រោះខាងលើមានឈ្មោះ ប៊ូ សុខលី អាយុ៣៧ឆ្នាំ មុខរបរ ជាងផ្ទះ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុរសជាមេជាងអ្នកម៉ៅការផ្ទះកើតហេតុខាងលើនិងមានទីលំនៅភូមិជាមួយជនរងគ្រោះមានឈ្មោះ ឯល ប៊ុនណាត អាយុ៥៤ឆ្នាំ បានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះនៅជាន់ខាងលើហើយឈរប្រឹងទាញ់ដែកដៃរណែងពីក្រោមឡើងទៅលើហើយមិនប្រយ័ត្នក៏ដែកដៃរណែងគងលើខ្សែភ្លើងស្រាតដែលនៅក្បែផ្ទះនោះបណ្តាលឲ្យឆក់ឆេះខោរបកស្បែកជើងទាំងសងខាងពីចង្កេះចុះក្រោមនិងដួលបោកក្បាលផ្ទាប់អាវ៉ង់ផ្ទះរងរបួសក្បាលផងដែរហើយត្រូវជាងផ្ទះដូចគ្នាជួយយកចុះមកក្រោមនិងកប់ដីខ្សាច់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត៕

មតិយោបល់