ព័ត៌មានជាតិ

បញ្ជូនខ្លួន បុរសខ្លាំងស្រវឹងចំស្រាដុតផ្ទះគេ ទៅតុលាការ ដើម្បីចាត់ការតាមច្បាប់

ភ្នំពេញៈ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ សមត្ថកិច្ចខណ្ឌ៧មករា បានបញ្ជូនខ្លួន បុរសចិត្តខ្លាំងផឹកចំ ABC ដុតផ្ទះគេ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ យ៉ាង ចាន់សុប៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅផ្ទះលេខ២១៨ E0Z ផ្លូវ២១៧ ភូមិ៦ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា។

ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ ក្រោយពីរូបគេបាន យកសាំងទៅដុតផ្ទះរបស់ជនរងគ្រោះ ជាអ្នកជិតខាងនឹងគ្នាឈ្មោះ លឹម សាយគៀង ភេទស្រី អាយុ ២២ឆ្នាំ មុខរបរ អាជីវករ មានទីតាំងនៅផ្ទះលេខ២២០E3 ផ្លូវ២១៧ ភូមិ៥ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា។

សមត្ថកិច្ចបានឱ្យដឹងទៀតថា មុនកើតហេតុជនសង្ស័យ បានទិញ ស្រាបៀរ ABC ចំនួន ៨កំប៉ុងអង្គុយផឹកក្បែរផ្ទះរបស់ខ្លួនតែម្នាក់ឯង ក្រោយពីផឹកអស់ រូបគេបានទៅយកដបទឹកសុទ្ធទៅបូបសាំងចេញពីម៉ូតូរបស់ខ្លួនម៉ាក គុបជ្រុង ពណ៌ទឹកប៉ិច ពាក់ស្លាកលេខភ្នំពេញ1U 8686 រួចឡើងទៅលើផ្ទះកើតហេតុជាន់ទី៣ រួចបានចាក់សាំងដុតផ្ទះនោះ បណ្តាលឲ្យឆាបឆេះផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចមូលដ្ឋាន រត់ចុះអន្តរាគមន៍ ទាន់ពេលមិនបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ។

បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួន ចេញពីកន្លែងកើតហេតុភ្លាមៗ ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌ៧មករា ដេញតាមឃាត់ខ្លួនបាននៅចំណុុចមុខភោជនីយដ្ឋានលីឡាយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព យកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

https://youtu.be/GzRO2o4wbyU

មតិយោបល់