ព័ត៌មានជាតិ

យោធាពិការ ជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យដួល ហើយត្រូវឡានបើកបញ្ច្រាសទិស កិនបន្ថែមស្លាប់នៅនឹងកន្លែង

កណ្តាល: បុរសម្នាក់ជាយោធា ពិការដៃស្តាំម្នាក់ ត្រូវរថយន្តបើកកិនស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែង ខណ:ដែលជិះម៉ូតូប៉ះជាមួយម៉ូតូ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ទត់នេះបានកើតឡើង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ ១១០ ចំណុច គីឡូម៉ែត្រលេខ ៨១-៨២ ស្ថិតនៅក្នុងភូមិចុងខ្សាច់ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ។

នគរបាលចរាចរណ៍ស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជុន ថន ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរកសិករ ( ជាជនពិការ ដាច់ដៃស្ដាំម្ខាង និងដាច់ជើងស្ដាំម្ខាង អតីត:យោធា ) មានទីលំនៅភូមិព្រែកជ្រៃ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះបើកបរម៉ូតូម៉ាកហុងដាវ៉េវ សេ១១០ ពណ៌ខ្មៅ អត់ស្លាកលេខ ទិសដៅ ពីជើងទៅត្បូង ( ច្បារអំពៅ-ព្រែកជ្រៃ ) បានប៉ះជាមួយម៉ូតូមាន ចងកាងឈើ ដឹកផ្លែស្វាយ មិនស្គាល់ម៉ាក ដែល មានទិសដៅស្របគ្នាគេចខ្លួនបាត់ បន្សល់ទុកកាងឈើ និង ផ្លែស្វាយនៅនឹងកន្លែងកើតហតុពេលជាមួយគ្នានោះដែរមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បើកបរមានទិសដៅបញ្ច្រាសបានបើកកិនពីលើជនរងគ្រោះបន្ថែមទៀត ហើយរត់គេចខ្លួនបាត់ ធ្វើឲ្យជនរងគ្រោះ ស្លាប់តែម្ដង ។

សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលឈើខ្មៅ ក៏រាយការណ៍មកផ្នែកជំនាញស្រុក ក៏បាន ចុះទៅដល់កន្លែងកើតហេតុ ពិនិត្យរួច ក៏ដឹកសាកសពយកទៅប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ កម្លាំងប៉ុស្ដិ៍និងកម្លាំងជំនាញស្រុកកំពុង ស្រាវជ្រាវ រកភាគីម៉ូតូ និង ភាគីរថយន្ដ ដែលរត់គេចខ្លួនបាត់ មិនទទួលខុសត្រូវ ៕

មតិយោបល់