ភ្នំពេញៈ ជនសង្ស័យចំនួន៦នាក់ ដែលជាមុខសញ្ញាប្លន់ម៉ូតូពីប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនិងនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ ធ្វើការចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៦។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខណ្ឌមានជ័យ បានឲ្យដឹងថា ជនសង្ស័យទាំង៦នាក់ ដែលចាប់ខ្លួនបានខាងលើ ទី១មានឈ្មោះ មិន ឌី ភេទប្រុស អាយុ២០ឆ្នាំ។ទី២មានឈ្មោះ ជា ណារត្ន័ ភេទប្រុស អាយុ២៣ឆ្នាំ។ ទី៣មានឈ្មោះ ហ៊ាន ចាន់ករុណា ភេទប្រុស អាយុ១៩ឆ្នាំ។ ទី៤មានឈ្មោះ សុខ ឡា ភេទប្រុស អាយុ២៤ឆ្នាំ។ទី៥មានឈ្មោះ អ៊ូ បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ និងជនសង្ស័យទី៦មានឈ្មោះ ម៉ា លីណា ភេទប្រុស អាយុ១៩ឆ្នាំ។
ជនសង្ស័យទាំង៦នាក់នេះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលរាជនីភ្នំពេញ សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យ បើកការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពប្លន់ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-0821ពីជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ធាង ឈី ភេទប្រុស អាយុ២៤ឆ្នាំ នៅចំណុចផ្លូវបេតុង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៤ និង៣០នាទី ទាបភ្លឺ ថ្ងៃទី១ ខែមករាឆ្នាំ២០១៧ ។
ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជយ័ លុះដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចបើកការស្រាវជ្រាវឈានទៅដល់ការចុះបង្ក្រាបបានទាំង៦នាក់តែម្តងដោយធ្វើការដកហូត បានម៉ូតូ២គ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមនិងម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជយ័ ដើម្បីកសាងសុំនុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធិច្បាប់៕
https://youtu.be/RNtK0yNgBSg
មតិយោបល់