ព័ត៌មានជាតិ

ប្រធានរដ្ឋវៀតណាម បំពេញទស្សកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ

ភ្នំពេញៈ នៅវេលាម៉ោង៤៖៣០នាទី រសៀលថ្ងៃទី១៤ ខែមិថុនានេះ ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ត្រាន់ ដាយខ្វាង បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើទស្សកិច្ចផ្លូវរដ្ឋ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ដែលអញ្ជើញទទួលស្វាគមន៍ដោយសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងរដ្ឋមន្ត្រីអម។

បើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ដំណើរទស្សកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃ របស់លោក ត្រាន់ ដាយខ្វាង (TRAN DAI QUANG) តាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

លោក ត្រាន់ ដាយខ្វាង នឹងចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅក្នុងព្រះបរមរាជវាំង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាក្រី ហេង សំរិន ប្រធានដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា។

ក្រសួងការបរទេសបានឲ្យដឹងទៀតថា ក្រៅពីនេះ លោក ត្រាន់ ដាយខ្វាង នឹងចូលក្រាបបង្គំគាល់សម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី ប៊ូ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

មតិយោបល់