កណ្ដាលៈ ស្ត្រីម្នាក់មានកូនតូចៗ២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ អនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ ព្រោះគ្មានជាប់ពាក់ព័ន្ធបទល្មើស ។ រីឯ ម្តាយនិងប្អូនស្រី ត្រូវបានចោទប្រកាន់បញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធី ។
ប្រភពព័ត៌មាន បញ្ជាក់ថា ស្ត្រីដែលត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញមានឈ្មោះ សោ សារ៉ន អាយុ២៨ឆ្នាំ ។ រីឯម្តាយឈ្មោះ នេត មុំ អាយុ៤៧ឆ្នាំ និង ឈ្មោះ សោ ផារី អាយុ២១ឆ្នាំ ។
ជនសង្ស័យទាំង៣នាក់ម្តាយកូន ត្រូវបាននគរបាលស្រុកកោះធំ ឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចវត្តព្រែកឫស្សី ភូមិព្រែកឫស្សី ឃុំកំពង់កុង ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
នគរបាលបញ្ជាក់ថា ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ នគរបាលរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក ចំនួន២៩កញ្ចប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ នេត មុំ សារភាពថា គ្រឿងញៀនចំនួន២៩កញ្ចប់តូច នេះ ពិតជារបស់ខ្លួនប្រាកដមែន ដោយខ្លួនបានទិញមកពីឈ្មោះ ស្រេង ភេទប្រុស នៅរាជធានីភ្នំពេញ ដើម្បីយកលក់បន្តឱ្យគេ ដោយមានកូនស្រី សោ សារ៉ន និង សោ ផារី ជាធ្វើដំណើរយកទៅលក់ឱ្យគេ។
ប្រភពព័ត៌មាន បញ្ជាក់ថា នៅពេលបញ្ជូនមកដល់តុលាការ ស្ត្រីឈ្មោះ នេត មុំ ច្រានចោលចម្លើយនៅសមត្ថកិច្ច ដោយអះអាងថា កូនស្រីឈ្មោះ សោ សារ៉ន ពុំបានដឹងពីករណីជួញដូរគ្រឿងញៀននេះទេ ៕
មតិយោបល់