កំពង់ធំៈ ក្រោមការយកចិត្តទុកដាក់ របស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជម្រុញឲ្យតាមផ្នែកសឹករងតាមបណ្តាល ស្រុក ក្រុង ចុះសួរសុខទុក្ខដល់ ក្រុមគ្រួសារអតីតយោធិន ដែលបានចូលនិវត្តន៍ជន ដើម្បីផ្តល់នូវគ្រឿងឧបភោគបរិភោគ ក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ទប្រពៃណីខ្មែរ ដើម្បីផ្សារភ្ជាប់នូវចំណងមិត្តភាព រវាងថ្នាក់ដឹកនាំ និងអតីតកងយោធពលខេមរៈភូមិន្ទ។
ពិធីប្រគល់អំណោយដល់ក្រុមគ្រួសារអតីតយោធិន ត្រូវបានប្រារព្វឡើងនៅព្រឹក ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៤ ស្ថិតនៅភូមិ ព្រៃប្រស់ ឃុំ ត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួម ពីសំណាក់លោក វរៈសេនីយ៍ទោ សោម សុភាវុធ មេបញ្ជាការផ្នែកសឹករង ស្រុកកំពង់ស្វាយ ព្រមទាំងមន្ត្រីក្រោមឳវាទ ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់សឹករងកំពង់ធំ ។
សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ត្រូវបានប្រគល់ជូន ៤ គ្រួសារ អតីតយោធិន រួមមាន លោក ឃី ឃាន លោក កែន ប៊ុនហ៊ុម លោក ប៊ុត ប៊ិត និងលោកស្រី សុខ អ៊ុន ក្នុងមួយគ្រួសារទទួលបាន អង្ករ ២២គ.ក មី១កេស នំ១ធុង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ មួយយួរ ប៊ីចេង១កញ្ចប់ សារ៉ុង១ ទឹកបរិសុទ្ធមួយយួរ និងថវិការ ២០០០០រៀល សរុបទឹកប្រាក់ ៥៤៥០០០រៀល សូមបញ្ជាក់ផងដែរថា ក្រុមគ្រួសារទាំងនេះជា អតីតយោធិនផ្នែកសឹករងស្រុកកំពង់ស្វាយ ។
លោក វរៈសេនីយ៍ទោ សោម សុភាវុធ មេបញ្ជាការផ្នែកសឹករង ស្រុកកំពង់ស្វាយ បានមានប្រសាសន៍ សំណេះសំណាល និងបានពាំនាំនូវការសួរសុខទុក្ខ ពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន និងថ្នាក់ដឹកនាំ ដោយការគោរព អាណិតស្រឡាញ់ និងជាការរំលឹកនូវអនុស្សាវរីយ៍ ធ្លាប់កំសត់កម្រ ព្រមទាំងបានតស៊ូ ក្នុង សម័យសង្គ្រាមកន្លងមក ទើបបានផ្តួចផ្តើមឲ្យមានការនាំយកនូវអំណោយ ចែកជូនក្នុងឳកាសបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាការបង្ហាញឲ្យឃើញថា ក្រុមគ្រួសារអតីតយោធិន មិនបាននៅឯកកោម្នាក់ឯងនោះទេ ។
លោក កែន ប៊ុនហ៊ុម តំណាងទាំង៤គ្រួសារ បានថ្លែងអំណរគុណ ចំពោះឯកឧត្តម សោម ស៊ុន និងលោក វរៈសេនីយ៍ទោ សោម សុភាវុធ ដែលបានយកចិត្តទុកដាក់ ជាមួយគ្រួសារអតីតយោធិន ក៏ដូចជាកងម្លាំងចំណុះ ឲ្យតំបន់សឹករងកំពង់ធំ ក្នុងចុះជួយរាល់ការលំបាក ដែលគ្រួសារយោធិនជួបប្រទះកន្លងមក៕
មតិយោបល់