ព័ត៌មានជាតិ

យុវជនម្នាក់សង្ស័យបែកថ្នាំ កាន់ដុំថ្មរត់ទៅគប់កញ្ចក់រថយន្តដឹកដីក៏ត្រូវរថយន្តបុករបួសធ្ងន់

ភ្នំពេញៈ យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ សង្ស័យបែកថ្នាំបានរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក្រោយពេលដែលរូបគេកាន់ដុំថ្មនៅក្នុងដៃ រត់ចូលទៅគប់រថយន្តបែនដឹកដី១គ្រឿង ហើយក៏ត្រូវបានរថយន្តនោះបុកបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរតែម្ដង។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវវេងស្រេង ត្រង់ចំណុចមុខរោងចក្រកាត់ដេរ៦ជាន់ ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យុវជនខាងលើនោះមិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ មានអាយុប្រហែលជាង២០ឆ្នាំ ហើយសង្ស័យថាជាមនុស្សបែកថ្នាំលែងដឹងអីទៅហើយ ចំណែករថយន្តបែនដឹកដី១គ្រឿងនោះម៉ាក ហ៊ីណូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ3D-3707 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ ហើយក្រោយពេលកើតហេតុ ដោយឃើញយុវជនខាងលើរងរបួសធ្ងន់ ស្មានថាស្លាប់អ្នកបើករថយន្តក៏បានបើកទ្វារចុះរត់គេចខ្លួនចោលរថយន្តបាត់ស្រមោល។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នោះបានឲ្យដឹងថា នៅមុនពេលកើតហេតុពួកគាត់បានឃើញ យុវជនរងគ្រោះម្នាក់នោះកាន់ដុំថ្មនៅក្នុងដៃ ឈរនៅតាមចិញ្ចើមផ្លូវក្នុងស្ថានភាពមិនប្រក្រតីហាក់ដូចជាមនុស្សសរសៃប្រសាទ ដោយរង់ចាំគប់ទៅលើរថយន្តដែលបើកបរធ្វើដំណើរតាមផ្លូវនោះ។ ព្រមទាំងប៉ុនប៉ងរត់ចូលឲ្យរថយន្តបុកទៀត លុះមួយសន្ទុះក្រោយមកស្រាប់តែឃើញរថយន្តបែនដឹកដី១គ្រឿងខាងលើ បើកបរក្នុងទិសដៅពីលិចទៅកើត ហើយយុវជនខាងលើបានរត់ចូលទៅគប់ក៏ត្រូវបានរថយន្តនេះបុកបណ្តាលឲ្យដួលបោកផ្ទប់ផ្លូវបែកក្បាលសន្លប់ស្ដូកស្ដឹង។

ប្រភពខាងលើបានបន្តថា ភ្លាមៗនោះអ្នកបើកបររថយន្តនឹកស្មានថាជនរងគ្រោះស្លាប់ ក៏បានចុះពីលើរថយន្តរួចរត់គេចខ្លួនបាត់ ក្រោយពេលកើតហេតុជនរងគ្រោះរូបនោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាម ចំណែករថយន្តត្រូវបាននគរបាលនាំយកទៅរក្សាទុក រង់ចាំកសាងសំណុំរឿងតាមជំនាញ៕

https://youtu.be/jjXF_yvEL_Y

មតិយោបល់