សៀមរាបៈ អ្នកធ្វើដំណើរតាមរយៈរថយន្តតាក់ស៊ីលុចស៊ីស មួយគ្រឿងភ័យលោះព្រលឹងចុងសក់ ខណៈពេលដែលកំពុងតែធ្វើដំណើរ ស្របពេលមានភ្លៀងស្រេចៗ ក៏បានជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីរថយន្តសណ្តោងធុនយក្យ បានបើករ៉េចង្កូតមកទទឹងថ្នល់ កណ្តាលស្ពាន បណ្តាលឲ្យតាក់ស៊ី ផ្តាច់ព្រលឹងព្រលះពេញទំហឹង ចំកណ្តាលរថយន្តសណ្តោង ធ្វើមានការខូចខាតផ្នែកខាងមុខ និងជំហៀងយ៉ាងធ្ងន់ធ្ងរ ។
តាមការឲ្យដឹងពីកម្លាំងសមត្ថកិច្ច ប៉ូលិស ចរាចរណ៍ នៃអធិការស្រុកក្រឡាញ់ បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលា ម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចភូមិតាច្រែង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ខណៈពេលមេឃកំពុងភ្លៀងស្រេចៗរថយន្តសណ្តោងធុនយក្យជាប់ចង្កូតរអិលទទឹងថ្នល់ ធ្វើរថយន្តតាក់ស៊ីបើកមកបុកចំកណ្តាល ធ្វើឲ្យមានមនុស្សរបួសស្រាលជាច្រើននាក់ តែពុំមានការគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។
តៃកុងតាក់ស៊ីបានឲ្យដឹងថា ខ្លួនឈ្មោះ សល់ បើកបររថយន្តលុចស៊ីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U-4858 រស់នៅភូមិនោរា ខេត្តបាត់ដំបង មានមុខរបររត់តាក់ស៊ីពីសៀមរាបទៅបាត់ដំបង បានបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា លុះមកដល់ចំណុចកើតហេតុ រថយន្តធំបាន ជាន់ហ្វ្រាំងក៏បែរទទឹងថ្នល់ ស្របពេលដែលរថយន្តរបស់លោកមកដល់ ក៏គៀបរថយន្តរបស់លោកនឹងស្ពានតែម្តង ចំណែកតៃកុងរថយន្តធំឈ្មោះ វ៉ាន់ ឌី ភេទ ប្រុស បើកបររថយន្តសណ្តោង ក្បាលពណ៌ខៀវ អត់ស្លាកលេខ រស់នៅភូមិអង្រង់ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានបើកបររថយន្តទទេ ចេញពីខេត្តបន្ទាយមានជ័យ មកខេត្តសៀមរាប៕
មតិយោបល់