ភ្នំពេញៈ កាលពីយប់ថ្ងៃទី៥ ខែមិថុនា មុននេះ តារាចម្រៀងប្រចាំផលិតកម្ម M កញ្ញាស្រីនុច ហៅAmmie បានប្រារព្ធពិធីខួបកំណើតយ៉ាងអធឹកអធមគម្រប់វ័យ២៦ឆ្នាំរបស់ខ្លួននៅហាងវីហ្វ្រនផ្សារដេប៉ូ។ នេះក៏ជាពិធីដែលនាងធ្វើឡើងដើម្បីជួបជុំមិត្តភ័ក្រ្តមុនចេញទៅសម្ដែងនៅក្នុងប្រទេសអូស្រ្តាលីផងដែរ ខណៈដែលទីផ្សារចម្រៀងរបស់នាងក៏ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់នាពេលចុងក្រោយ។
កញ្ញា Ammie បញ្ជាក់ថានេះជាពិធីខួបកំណើតធំលើកទី១ ដែលនាងប្រារព្ធធ្វើជាទ្រង់ទ្រាយធំ ហើយក្រោយបញ្ចប់ការសម្ដែងរយៈពេល៤០ថ្ងៃនៅក្នុងប្រទេសអូស្រ្តាលី នាងក៏គម្រោងបើកជំនួញលក់សំលៀកបំពាក់ និងទឹកអប់នាំចូលពីក្រៅប្រទេសនោះផងដែរ។
ក្នុងពិធីខួបកំណើតរបស់នាងយប់នេះ គេឃើញវត្តមានផលិតករ ម្ចាស់ផលិតកម្ម តារាចម្រៀង និងតារាសម្ដែងច្រើនគួរសមបើទោះជាតារាមួយចំនួនបង្ហាញវត្តមានតែមួយភ្លែតក៏រត់ទៅកម្មវិធីមួយផ្សេងទៀតដោយសារតែមានកម្មវិធីជាន់ជើងគ្នានោះក៏ដោយ។ តារាដែលបានបង្ហាញខ្លួនក្នុងពិធីខួបកំណើតរបស់នាងរួមមាន លោកចា រិទ្ធី, លោកកុយ ស៊ីឌឿន ម្ចាស់ផលិតកម្ម និងក្លិបសិល្បៈឌីភី, អ្នកនាងយ៉ុង ចាន់កណ្ណិកា, កញ្ញាខៀវ ដាឡិច, លោកស៊ន វិជ្ជបុត្រ តារាចម្រៀងM, លោកវ៉ាន់ ផល្លី តារាចម្រៀងV-Production, លោកលី នរ៉ា តារាសម្ដែងប្រចាំផលិតកម្មថោន, លោកវី ជីវ័ន្ត, លោកសុគន្ធ ដេវីត, និងតារាជាច្រើនរូបទៀត៕
មតិយោបល់