ភ្នំពេញៈ ការប្រកួតកម្មវិធី The Voice Cambodia សប្ដាហ៍ទី៤ កាលពីយប់ថ្ងៃទី៥ មិថុនា បេក្ខនារីរ៉េត ស៊ូហ្សាណា សម្រេចចិត្តបកស្រាយបទខ្មែរតាមការទទូចសុំ។ នាងបានជ្រើសយកបទ«ទីនេះមានមនុស្សខូចចិត្ត» ធ្វើជាបទប្រកួតប្រជែង ដោយគេកត់សម្គាល់ថាទឹកដមសំឡេងក្នុងការបកស្រាយបទនេះរបស់នាង មានការធ្លាក់ចុះសមត្ថភាពមែនទែន បើធៀបនឹងបទអង់គ្លេសដែលនាងជ្រើសយកមកច្រៀងកន្លងមក។ អ៊ីចឹងហើយទើបនាងមិនទទួលបានសំឡេងឆ្នោតនាំមុខ ហើយបានឈានទៅកាន់វគ្គបន្ត ដោយសារតែCoach កញ្ញាជ្រើសយក។
ក្រុមអ្នកលេងហ្វេសប៊ុកបានបង្ហាញការអបអរសាទរចំពោះការសម្រេចចិត្តជ្រើសបទខ្មែរយកមកច្រៀងរបស់នាង ប៉ុន្តែក្រុមអ្នកលើកសរសើរដដែល ក៏បានលើកឡើងនូវចំណុចខ្វះខាតយ៉ាងច្រើនដែលបានលេចឡើងក្នុងបទចម្រៀងមួយបទនោះផងដែរ។ ក្រុមអ្នកប្រើបណ្ដាញសង្គមបានអះអាងថាសំនៀងច្រៀងភាសាខ្មែររបស់នាងក្រៅពីច្រៀងមិនសូវមានទឹកដមគួរឲ្យចង់ស្ដាប់ដូចពេលនាងច្រៀងបទអង់គ្លេស ក៏បញ្ចេញពាក្យមួយម៉ាត់ៗក្នុងបទចម្រៀងមិនល្អផងដែរ។
យ៉ាងណាមិញចំណុចខ្វះខាតដែលត្រូវគេលើកឡើងអាចមកពីនាងបង្ហើបទចម្រៀងតាមរបៀបស្ទីលថ្មី ឲ្យប្លែកពីម្ចាស់ដើម និងអាចមកពីនាងជ្រើសបទមិនត្រូវសំឡេងរបស់នាង ទើបធ្វើឲ្យក្រុមអ្នកស្ដាប់ហាក់បង្ហាញអារម្មណ៍ទើសៗត្រចៀក។ ក្រោយស្ដាប់នាងច្រៀងបទ«ទីនោះមានមនុស្សខូចចិត្ត»មិនទាន់ទាំងចប់ស្រួលបួលផង អ្នកខ្លះបានបង្ហោះអារម្មណ៍ខកចិត្ត និងបានបង្ហើសំណេរថាមកពីនាងច្រៀងបទខ្មែរមិនសូវពីរោះ ទើបនាងជ្រើសយកបទបរទេសមុនពេលមានការរិះគន់ខ្លាំងៗ។
ប៉ុន្តែភាគច្រើនដែលដឹងថានាងប្ដូរមកច្រៀងបទខ្មែរ ក៏បានការសរសេរថានាងច្រៀងបទខ្មែរនៅតែល្អ ដោយគ្រាន់តែធ្លាក់ភាពទាក់ទាញបើធៀបនឹងពេលច្រៀងបទបរទេសបន្ដិចប៉ុណ្ណោះ។ ម្យ៉ាងនាងក៏បានទទួលស្គាល់សមត្ថភាពរបស់ខ្លួននោះដែរ ជាមួយនឹងសំណួរថា«បើខ្ងុំច្រៀងបទចម្រៀងជាភាសាខ្មែរមិនពិរោះតើមានអ្នកណានៅស្រឡាញ់ខ្ងុំទេ?»។ រ៉េត ស៊ូហ្សាណា នៅតែបានបន្តទៅកាន់វគ្គបន្ត បើទោះជានាងត្រូវគេមើលឃើញថាបកស្រាយបទចម្រៀងមានចំណុចខ្វះចន្លោះជាងបេក្ខជនឆាយ ណាឃីម ដែលត្រូវធ្លាក់ក្នុងក្រុម ដោយសារតែឱក សុគន្ធកញ្ញា ជាអ្នកកាត់ក្ដី៕
មតិយោបល់