ភ្នំពេញៈ យុវតីម្នាក់មានវិបត្តិគ្រួសារ និងស្នេហាដោះស្រាយមិនចេញ គិតខ្លីមកលោតទឹកសម្លាប់ខ្លួន តែសំណាងល្អបានក្រុមយុវជន ជិះកង់មួយក្រុមឃើញទាន់ ហក់ទៅចាប់ទាញ់ជួយសង្គ្រោះទាន់ពេល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៤និង១០នាទីរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ចំណុចលើស្ពានជ្រោយចង្វា (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យុវតីរងគ្រោះឈ្មោះ ពេជ្រ លីសា អាយុ២០ឆ្នាំ មុខរបរលក់អីវ៉ាន់ចាប់ហួយ ស្នាក់នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
តាមយុវតីរងគ្រោះខាងលើឱ្យដឹងថា បានជានាងសម្រេចចិត្តចង់បញ្ចប់ជីវិតរបស់ខ្លួន ដោយសារនាងមានវិបត្តិក្នុងគ្រួសារ និងស្នេហាព្រមទាំងរឿងស្មុកស្មាញជាច្រើនទៀត ដោះស្រាយមិនចេញ ក៏គិតបែបនេះតែម្តង ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុយុវតីរងគ្រោះខាងលើ បានហៅកង់បីឥណ្ឌាចេញពីផ្ទះ នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ លុះមកដល់ជិតកណ្តាលស្ពាន បានចុះពីលើកង់បីដើរឡើងបង្កាន់ដៃស្ពាន បម្រុងលោតស្រាប់តែពេលនោះ មានយុវជនមួយក្រុមជិះកង់ប្រទះឃើញ ក៏ហក់ទៅជួយនិងស្រែកឆោរឡោ នាំយកនារីខាងលើ មកគល់ស្ពានជ្រោយចង្វាត្រើយខាងលិច ប្រគល់ឱ្យសមត្ថកិច្ចប្រចាំការ នៅគោលដៅទី៣ក្រោមស្ពានជ្រោយចង្វា ។
បន្ទាប់ពីសមត្ថកិច្ចសួរនាំ និងអប់រំរួចហើយក៏ទាក់ទងទៅសាច់ញាតិ ឱ្យមកទទួលនារីខាងលើត្រឡប់ទៅផ្ទះវិញ ៕
មតិយោបល់