ព័ត៌មានជាតិ

មន្ទីរ​សម្រាក​ព្យាបាល​តា​ព្រហ្ម​រង​ការចោទប្រកាន់​ថា ព្យាបាល​អ្នក​ជម្ងឺ លើសឈាម​ម្នាក់​បណ្តាលឲ្យ​ស្លាប់

សៀមរាប​៖ មន្ទីរ​ព្យាបាល​តា​ព្រហ្ម​រង​ការចោទប្រកាន់​ថា បានដាក់​ស៊ី​រ៉ូម​និង​ចាក់​ថ្នាំ​ឲ្យ​អ្នក​ជម្ងឺលើសឈាម​ម្នាក់​បណ្តាលឲ្យ​ក្អួត​ទន់ដៃទន់ជើង​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​រហូត​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្កែក​ខេត្តសៀមរាប ហើយ​ខាង​មន្ទីរពេទ្យ​ខេត្ត​ក៏​ឆ្លើយថា អស់​លទ្ធភាព​ព្យាបាល​ដែរ រួច​សាច់ញាតិ​ក៏​បញ្ជូន​ជនរងគ្រោះ​មក​ផ្ទះ​វិញ​បាន​មួយសន្ទុះ​ក៏​ស្លាប់​តែម្តង​។ ប្រភព​ពី​គ្រួសារ​សព​ឈ្មោះ ម៉ៅ សុផល រស់នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ​បានឲ្យដឹងថា បង​របស់​គាត់​មាន​ជម្ងឺ​វិលមុខ​ក៏​បញ្ជូន​ទៅ​ពេទ្យ​តា​ព្រហ្ម នៅពេល​នោះ​ក្រុម​គ្រូពេទ្យ​បាន​យក​ស៊ី​រ៉ូម​មួយ​ផ្លោក និង ចាក់​ថ្នាំ​ចូល​២​អំពូល រួម​ក៏​ព្យួរ​ឲ្យ​បងប្រុស​របស់​ខ្លួន មួយសន្ទុះ​ក្រោយមក​បងប្រុស​របស់​គាត់​ក៏​មាន​សភាព​ក្អួតចង្អោរ​រហូត​ទន់ដៃទន់ជើង ហើយ​ខាង​គ្លីនិក​ឯកជន​យីហោ (​មន្ទីរ​ព្យាបាល​តា​ព្រហ្ម​)​នេះ​បាន​ប្រាប់​ឲ្យ​ក្រុមគ្រួសារ​បញ្ជូន​ជនរងគ្រោះ​ទៅ​ពេទ្យ​ខេត្ត​។​លោក​បន្តថា អស់​រយៈពេល​២​ថ្ងៃ​ខាង​ពេទ្យ​ខេត្ត​ក៏​បាន​ប្រាប់ថា អស់​លទ្ធភាព​ព្យាបាល​ហើយ​ដោយ​អ្នក​ជម្ងឺ​មាន​សភាព​ធ្ងន់ធ្ងរ​ពេក​។​បន្ទាប់​ពី​បញ្ជូន​មកដល់​ផ្ទះ​មួយ​សន្ទុះ​អ្នក​ជម្ងឺ​ក៏បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​។ លោក​បាន​បញ្ជាក់ថា មុន​ដំបូង​ឡើយ​បងប្រុស​របស់​ខ្លួន​មាន​សភាព​ធម្មតា​ប៉ុណ្ណោះ ពោល​គឺ គាត់​អាច​ជិះ​ម៉ូតូ​ពី​ក្រោយ​ខ្ញុំ​បាន​ដូច​ធម្មតា ប៉ុន្តែ​បន្ទាប់ពី​គ្លីនិក​តា​ព្រហ្ម បាន​ព្យាបាល​រួច​ក៏ បណ្តាល​ឲ្យ​ទន់ដៃទន់ជើ​ង​ដើរ​លែង​រួច​តែ​ម្តង​។​លោក​បញ្ជាក់ទៀតថា ករណី​នេះ​លោក​បាន​ពិភាក្សា​ជាមួយ​បងប្អូន​សាច់ញាតិ​រួចរាល់​ហើយ ដោយ​សម្រេច​ថា មិន​ប្តឹងផ្តល់​មន្ទីរពេទ្យ​តា​ព្រហ្ម​នោះទេ ដោយ​គាត់​រវល់​តែ​មើល​បងប្រុស ហើយ​មិន​បាន​ប្រមូល​ភស្តុតាង​ទុកដាក់​ទេ​។ ជុំវិញ​ករណី​នេះ​ដែរ​មន្ត្រី​ប៉ុស្តិ​នគរបាល​សង្កាត់​ជ្រាវ​ម្នាក់​បានឲ្យដឹងថា គ្រួសារ​ជនរងគ្រោះ​មិន​បាន​ប្តឹងផ្តល់​អ្វី​នោះ​ទេ ។​មន្ត្រី​ប៉ុស្តិ​បាន​បន្តថា ជនរងគ្រោះ​ដែល​ពេទ្យ​ចាក់​ថ្នាំ​ឲ្យស្លាប់​នោះ​មានឈ្មោះ ម៉ៅ ឡេង ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​មុខរបរ​គ្រូបង្រៀន ស្នាក់នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ​។​បច្ចុប្បន្ន​សាច់ញាតិ​ក្រុមគ្រួសារ​បាន​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ទាក់ទង​និង​បញ្ហា​នេះ​គ្លីនិក​តា​ព្រហ្ម​បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២១​ខែ​មិនា​នេះ​ថា ខាង​គ្លីនិក​ពិតជា​បាន​ទទួល​ព្យាបាល​អ្នក​ជម្ងឺ​ម្នាក់​មែន ដោយ​គ្រាន់តែ​ដាក់​ស៊ី​រ៉ូម​១​កំប្លោក​និង​ចាក់​ថ្នាំ​២​អំពូល​តែប៉ុណ្ណោះ ហើយ​ឃើញ​សភាព​អ្នក​ជម្ងឺ​ធ្ងន់ធ្ងរ​ក៏​យក​ទៅ​មន្ទីរពេទ្យ​ខេត្ត​តែ​ម្តង ប៉ុន្តែ​ករណី​នេះ​ខាង​គ្លីនិក​បាន​ស្នើសុំ​មិន​ឲ្យ​អ្នកកាសែត​ចុះផ្សាយ​ផ្សាយ​ព្រោះ​ខ្លាច​ប៉ះពាល់​កិត្តិយស​។ ជុំវិញ​ករណី​ខាងលើ​នេះ​ផងដែរ លោក ក្រួស សារ៉ាត់​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា ។ គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លែង​ព្យាបាល​ឯកជន​នៅក្នុង​ខេត្ត​សៀមរាប​មួយ​ចំនួន​ត្រូវបាន​ពលរដ្ឋ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​ភាពកំសោយ របស់​អាជ្ញាធរ​ក៏ដូចជា​មន្ទីរ​សុខាភិបាល ៕​
P1060889

មតិយោបល់