កំពតៈ រថយន្តចំនួន២គ្រឿង និងម៉ូតូចំនួន៥គ្រឿង ដែលចត់ស្ងៀមនៅកន្លែងលក់អយស្ទ័រ ត្រូវបានរថយន្តកុងទីន័រ បុករះប៉ើងជាង២០ម៉ែត្រ ខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោងប្រមាណជា៤រសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នៅភូមិព្រែកចេក ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
បើតាមប្រភពពីនគរបាលបានអោយដឹងថា រថយន្តដែលរងការខូចខាត ទីមួយម៉ាក តាកូម៉ា ពណ៌ក្រហម មួយគ្រឿងទៀតម៉ាក វីហ្គោ ពណ៌សជារបស់ម្ចាស់តូបអយស្ទ័រអាវុធហត្ថខេត្តកំពត និងម៉ូតូសរុបចំនួន៥គ្រឿង។
ប្រភពព័ត៌មានបញ្ជាក់ថាក្នុងហេតុការណ៍នេះពុំមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិតឡើយ ប៉ុន្តែសម្ភារៈ និងយាន្តយន្តរងការខូចខាតស្ទើរទាំងស្រុង បូករួមទាំងតូបលក់អយស្ទ័រក៏ខូចខាតមួយចំនួនផងដែរ។
បើតាមអ្នកឃើញហេតុការណ៍ រថយន្តកុងតឺន័រដែលបុករះខាងលើ បានធ្វើដំណើរពីលិចមកកើត ទិសដៅចូលខេត្តកំពត មកដល់ចំណុចខាងលើ ជាកន្លែងលក់និងបកអយស្ទ័រ ដែលមានម៉ូតូនិងរថយន្តច្រើនគ្រឿងចត នៅទីនោះស្របពេលមេឃកំពុងភ្លៀងតិចៗ រថយន្តកុងតឺន័របែរជារអិលកន្ទុយបុករះខ្ទេចគ្មានសល់ ហើយក្បាលរថយន្តបែរត្រលប់ទៅទិសខាងលិចវិញ ឃើញសភាពមិនស្រួលអ្នកបើកបរបានព្យាយាម បើករត់យករួចខ្លួនតែម្តង តែយ៉ាងណាក៏ដោយនៅមុននេះបន្តិចនគរបាលបានបង្ហើបថារថយន្តកុងតឺន័រដែលបង្កហេតុ ត្រូវបានកម្លាំងស្ទាក់បានហើយ។
បច្ចុប្បន្នយានយន្តទាំងអស់កំពុងស្ថិតនៅកន្លែងកើតហេតុ ពុំទាន់មានការដោះស្រាយនៅឡើយ៕
https://youtu.be/m-_lD-tPBms
មតិយោបល់