ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូបុកគូទរថយន្ត បណ្តាលឲ្យដួលស្លាប់បាត់បង់ជីវិត

កំពង់ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរសបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២០ និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យបុរសម្នាក់ស្លាប់ ស្ថិតលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៨៧-៨៨ ត្រង់ចំណុចភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូ០១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វណ្ណ វិសាល ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបរមកពីទិសខាងកើតទៅខាងលិច មកដល់ចំណុចខាងលើ បានបុកគូទរថយន្ត០១គ្រឿង ម៉ាក អ៊ីស៊ុយស៊ុយ (ISUZU) ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3D-6655 សណ្តោងសឺមីរ៉ឺម៉កលេខ ព្រះសីហនុ 4A-3366 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចចេញពីកន្លែងកើតហេតុបាត់) ដែលឈប់នៅលើចិញ្ចើមផ្លូវខាងស្តាំ បណ្តាលឲ្យឈ្មោះ វណ្ណ វិសាល ស្លាប់នៅកន្លែងកើតហេតុ ។ ចំពោះសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

បច្ចុប្បន្នវត្ថុតាងទាំង០២គ្រឿង ត្រូវបានសមត្ថកិច្ចយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់