ពោធិ៍សាត់ៈ លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តម៉ាកធុនត្រា រេចង្កូតបុកគោយន្តកន្ត្រៃ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់និងរបួស។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៤៨-១៤៩ ស្ថិតនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។
គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តម៉ាក ធុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-9877 បើកបរពីកើតទៅលិច ស្របទិសគ្នាបានជ្រុលចង្កួតទៅបុកនឹងគោយន្តកន្ត្រៃ ពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់ ទី១ឈ្មោះ ឃួន សាមឿន អាយុ៣៥ ឆ្នាំភេទប្រុស រងរបួសធ្ងន់, ទី២ឈ្មោះ ញឹម ភឿន អាយុ៣០ឆ្នាំ ភេទប្រុស រងរបួសធ្ងន់ អ្នកទាំង២នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ និងទី៣ឈ្មោះ ញឹម ណឹក អាយុ២៨ឆ្នាំ ភេទប្រុស (ស្លាប់) អ្នកទាំង៣រស់នៅភូមិប៉ាលហាល ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។
បន្ទាប់ពីកើតហេតុ រថយន្តផ្ទុះពោងមុខទាំង២និងដាច់កង់មុខខាងស្តាំ ធ្លាក់ចូលទៅចិញ្ចើមថ្នល់ខាងស្តាំ។ ចំណែកគោយន្តដាច់កង់ក្រឡាប់ផ្ងារជើងនៅចិញ្ចើមថ្នល់ខាងជើង រីឯអ្នកបើកបររថយន្តគេចខ្លួនបាត់។
ចំណែកមូលហេតុ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីរថយន្តចាំងភ្លើង។ ចំណែកគោយន្តគ្មានដាក់សញ្ញាសម្រាប់ចំណាំង ។ ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែងយកគោយន្តនិងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំដោះស្រាយគ្នាបន្តទៀត។ ចំណែកសាកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់