ព័ត៌មានជាតិ

រថយន្តក្រុងដឹកអ្នកដំណើរ១គ្រឿង បត់ឆ្លងផ្លូវក្នុងល្បឿនលឿន បុកម៉ូតូ ស្លាប់ និងរបួសធ្ងន់ពីរនាក់

ពោធិ៍សាត់ៈ លោកវរសេនីយ៍ទោ ឯម រុន បានប្រាប់ Post News ថា កាលពីវេលាម៉ោង១១ និង៤០ នាទីព្រឹកថ្ងៃទី ០៤ ខែវិច្ឆិកា២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តក្រុងដឹកអ្នកដំណើរ បុកម៉ូតូ បណ្តាលឲ្យស្លាប់មនុស្សម្នាក់
និងរបួសធ្ងន់ម្នាក់។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតទ្បើងតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៥០ និង ១៥១ស្ថិតនៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

រថយន្តបង្ក ជាប្រភេទរថយន្តក្រុងដឹកអ្នកដំណើរ ពណ៌សលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ3B -6982 ធ្វើចរាចរណ៍ពីកើតទៅលិច ច្រាសទិសគ្នា លុះដល់ចំណុចកើតហេតុខាងលើ រថយន្តបង្ក​បត់ឆ្វេងដៃ ដើម្បីចូលហូបបាយ ក៏ស្រាប់តែជ្រុលទៅបុកអ្នកបើក​បរម៉ូតូធុនC 125 ពណ៌ខ្មៅ សេរី ២០១២ ពាក់ផ្លាកលេខ បាត់ដំបង 1N -3017 បើកបរដោយឈ្មោះ សឿ សាម៉ន អាយុ ៥៤ ឆ្នាំ ភេទប្រុស ជនជាតិខ្មែ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ចំណែកអ្នករួមដំណើរ ឈ្មោះអ៊ុ ហៀប អាយុ ៥៧ ឆ្នាំភេទស្រី ជនជាតិខ្មែរត្រូវជាប្រពន្ធ រងរបួសធ្ងន់ មានទីលំនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ។

បច្ចុប្បន្ន សាកសពប្ដីសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរួមមាន រថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

តាមបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ គឺដោយសាររថយន្តបើកបរ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន អំទ្បុងពេលបត់ចូល មិនមើលមុខ៕

មតិយោបល់