ព័ត៌មានជាតិ

លួចខ្សែភ្លើងនិងទុយោសម្រាប់បាញ់លាងទឹកម៉ូតូបានហើយ តែគេចមិនរួចត្រូវគេព័ទ្ធចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ សមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចទុយោសម្រាប់បាញ់លាងម៉ូតូនិងខ្សែភ្លើងជាច្រើនម៉ែត្រ ហើយរត់គេចខ្លួនមិនរួច ត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋព័ទ្ធចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ សាន់ ភត្រា អាយុ២៤ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះមានឈ្មោះ កែវ វិចិត្រ អាយុ៣១ឆ្នាំ មុខរបរ មន្ត្រីរាជការស្នាក់នៅផ្ទះលេខ៧៤ ផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះនៅក្នុងផ្ទះកន្លែងកើតហេតុខាងលើ ស្រាប់តែមានប្រជាពលរដ្ឋផ្សេងទៀត បានប្រាប់គាត់ថា មានចោរលួចខ្សែទុយោបាញ់លាងទឹកម៉ូតូហើយខណៈនោះគាត់ចេញពីក្នុងផ្ទះស្រាប់តែឃើញជនសង្ស័យខាងកំពុងលីទុយោបាញ់លាងទឹកម៉ូតូនោះចេញពីកន្លែងកើតហេតុនោះ ក៏នាំគ្នាព័ទ្ធចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាកឃាត់ខ្លួនចាត់ការតាមច្បាប់តែម្តង។

នៅក្នុងថង់ខ្មៅមិនមែនមានតែទុយោសម្រាប់លាងបាញ់ទឹកម៉ូតូនោះទេគឺមានមានទាំងខ្សែភ្លើងនិងព្រីភ្លើងរបស់អ្នកជិតខាងមួយចំធំផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាកបានសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវចាត់ការតាមនីតិវីធី៕

មតិយោបល់